យោងតាមការចុះផ្សាយពីប្រភពបរទេស អាកាសធាតុក្ដៅខ្លាំងតែងតែធ្វើឱ្យដំណើរការមេតាបូលីសក្នុងរាងកាយដើរលឿន និងងាយកកកុញជាតិពុលដោយសារការបាត់បង់ជាតិទឹក ដូច្នេះការជ្រើសរើសបន្លែដែលមានសមត្ថភាព «បោសសម្អាតជាតិពុល» គឺជារឿងចាំបាច់បំផុតដើម្បីជម្រះកាកសំណល់ក្នុងប្រព័ន្ធរំលាយអាហារ និងជួយឱ្យរាងកាយត្រជាក់ស្រឡះ។
ក្នុងនោះ ដើមខាត់ណាត្រូវបានគេចាត់ទុកជាអ្នកសម្អាតសរសៃឈាមដ៏មានប្រសិទ្ធភាព ដោយវាផ្ទុកនូវសារធាតុដែលជួយពង្រីកសរសៃឈាម រក្សាសម្ពាធឈាមឱ្យមានលំនឹង និងមានជាតិសរសៃជួយស្រូបយកសារធាតុពុលក្នុងពោះវៀន។ ស្រដៀងគ្នានេះដែរ ស្លឹកកាឆាយប្រៀបដូចជាឱសថបុរាណសម្រាប់សម្អាតផ្លូវពោះវៀន និងការពារការកកកុញកាកសំណល់ដោយសារវាមានផ្ទុកប្រេងសំខាន់ៗ និងសារធាតុស៊ុលហ្វួខ្ពស់ដែលមានលក្ខណៈប្រឆាំងបាក់តេរី ព្រមទាំងជួយបំប៉នថ្លើម និងតម្រងនោមទៀតផង។ ចំណែកឯស្ពៃពុយឡេងវិញ ជាបន្លែជួយបន្ថយកម្ដៅយ៉ាងល្អដែលជួយការពារការទល់លាមក ធ្វើឱ្យជាតិពុលត្រូវបានបញ្ចេញមកក្រៅយ៉ាងងាយស្រួល និងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ខណៈសណ្ដែកបណ្តុះមានអង់ស៊ីមយ៉ាងច្រើនជួយជម្រុញការរំលាយអាហារ និងបង្កើនសមត្ថភាពបន្សាបជាតិពុលរបស់ថ្លើម ធ្វើឱ្យរាងកាយមានអារម្មណ៍ស្រាលស្រឡះក្នុងថ្ងៃក្ដៅហប់។
បន្លែចុងក្រោយគឺទំពាំងបារាំង ដែលត្រូវបានគេប្រសិទ្ធនាមថាជាស្ដេចនៃបន្លែដោយសារវាសម្បូរទៅដោយវីតាមីន និងមានផ្ទុកសារធាតុ ដែលជួយបត់ជើងតូចបានស្រួល ព្រមទាំងជំរុញការបណ្ដេញជាតិទឹកដែលលើស និងកាកសំណល់តាមផ្លូវនោម។
ដើម្បីបង្កើនប្រសិទ្ធភាពបន្សាបជាតិពុលក្នុងរដូវក្ដៅ អ្នកជំនាញក៏បានណែនាំបន្ថែមឱ្យញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ញ៉ាំផ្លែឈើដែលមានជាតិទឹកច្រើន ជៀសវាងគ្រឿងស្រវឹងនិងកាហ្វេអ៊ីន ហាត់ប្រាណនៅពេលព្រលឹម ឬល្ងាចត្រជាក់ និងសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសរីរាង្គក្នុងផ្ទៃស្តារសមត្ថភាពបន្សាបជាតិពុលឡើងវិញ៕