យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលយប់គឺជាពេលវេលាដែលជំងឺបេះដូង និងសរសៃឈាមខួរក្បាលងាយស្តែងចេញរោគសញ្ញាបំផុត។ នៅពេលកម្រិតខ្លាញ់ឈាម ជាតិស្ករ ឬអាស៊ីតអ៊ុយរិកកើនឡើងខ្ពស់ វានឹងធ្វើឱ្យឈាមខាប់និងស្អិតខ្លាំង បង្កជាឧបសគ្គដល់លំហូរឈាម រារាំងការបញ្ជូនអុកស៊ីសែន និងបង្កើនហានិភ័យនៃដុំឈាមកក ជំងឺលើសឈាម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ប្រសិនបើអ្នកជួបប្រទះនូវអារម្មណ៍មិនប្រក្រតីទាំង ៤ នេះក្នុងពេលគេងយប់ គួរតែប្រញាប់ទៅជួបគ្រូពេទ្យពិនិត្យជាបន្ទាន់។ សញ្ញាដំបូងគឺការគេងស្រមុកខ្លាំង និងហៀរទឹកមាត់ខុសធម្មតា ដែលបណ្តាលមកពីឈាមខាប់រំខានដល់របត់ឈាម រហូតធ្វើឱ្យខួរក្បាលខ្វះអុកស៊ីសែន និងបាត់បង់សមត្ថភាពគ្រប់គ្រងសាច់ដុំមុខក្នុងការទប់ទឹកមាត់ ហើយបើមានការវៀចមាត់រួមផ្សំផង នោះជាសញ្ញាប្រកាសអាសន្ននៃជំងឺដាច់សរសៃឈាមខួរក្បាល។ សញ្ញាទីពីរគឺការស្ពឹកស្រពន់ និងត្រជាក់ដៃជើង ដែលកើតឡើងដោយសារចរន្តឈាមរត់យឺតមិនអាចនាំជីវជាតិទៅចិញ្ចឹមចុងដៃចុងជើងបានគ្រប់គ្រាន់ រហូតជារឿយៗបង្កជាការរមួលក្រពើខ្លាំងធ្វើឱ្យភ្ញាក់កណ្ដាលអធ្រាត្រ។ សញ្ញាទីបីគឺការណែនទ្រូង និងដកដង្ហើមថប់ៗនៅពេលគេង ដោយសារនៅពេលដេកផ្ងារ បេះដូងត្រូវប្រឹងធ្វើការខ្លាំងជាងមុនដើម្បីច្របាច់ឈាមដែលខាប់ខាប់ នាំឱ្យបេះដូងរងសម្ពាធខ្លាំង ធ្វើឱ្យអ្នកជំងឺដកដង្ហើមមិនដល់គ្នា ឬបែកញើសត្រជាក់ទាំងយប់។
ចុងក្រោយគឺការគេងមិនលក់ ងាយភ្ញាក់ដឹងខ្លួន និងអស់កម្លាំងល្ហិតល្ហៃពេលក្រោកពីគេង ដែលវាកើតឡើងដោយសារឈាមខាប់រារាំងការបញ្ជូនអុកស៊ីសែនទៅខួរក្បាល ធ្វើឱ្យការគេងយល់សប្តិច្រើន គេងមិនស្កប់ស្កល់ និងមានអារម្មណ៍ធ្ងន់ក្បាល វិលមុខនៅព្រឹកបន្ទាប់ ទោះបីជាបានគេងច្រើនម៉ោងក៏ដោយ៕