យោងតាមការចុះផ្សាយពីប្រភពបរទេស ពេលវេលាមុនពេលចូលគេង គឺជា «ចន្លោះម៉ោងមាស» ដ៏មានឥទ្ធិពលបំផុតសម្រាប់ខួរក្បាលរបស់កុមារក្នុងការស្រូបយកព័ត៌មាន តភ្ជាប់អារម្មណ៍ និងបង្កើតទម្លាប់វិជ្ជមាន។
បើតាមអ្នកជំនាញផ្នែកការលូតលាស់របស់កុមារ បានឱ្យដឹងថា ប្រសិនបើកូនរបស់អ្នកមានទម្លាប់ទាំង ៣ នេះមុនពេលចូលគេង វាគឺជាសញ្ញាវិជ្ជមានបង្ហាញថាកូននឹងមានការរីកចម្រើនខ្លាំងទាំងផ្នែកប្រាជ្ញា (IQ) និងអារម្មណ៍សង្គម (EQ) ទៅថ្ងៃអនាគត។
ទម្លាប់ទីមួយគឺ ការចូលចិត្តសួរដេញដោល ដែលបង្ហាញពីការចង់ដឹងចង់ឃើញ និងការចង់ឈ្វេងយល់ពីពិភពលោកជុំវិញខ្លួនរបស់កុមារ។ ដំណើរការនៃការចោទសួរនេះ ជួយឱ្យខួរក្បាលរៀនវែកញែក ចងចាំ និងបណ្តុះបណ្តាលការគិតបែបស៊ីជម្រៅ ដូច្នេះឪពុកម្តាយគួរតែអត់ធ្មត់ស្ដាប់ និងឆ្លើយតបដើម្បីពង្រីកការស្រមៃរបស់កូន។ ទម្លាប់ទីពីរគឺ ការចូលចិត្តជជែកលេងជាមួយឪពុកម្តាយ មុនពេលគេង ដែលការចែករំលែកពីសកម្មភាពប្រចាំថ្ងៃ ភាពរីករាយ ឬការព្រួយបារម្ភ មិនត្រឹមតែជួយរឹតចំណងមិត្តភាពក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកុមារសម្បូរវោហារស័ព្ទ មានការគិតបែបឡូហ្សិក និងងាយចុះសម្រុងក្នុងសង្គមនៅពេលធំឡើង។ ទម្លាប់ចុងក្រោយគឺ ការចូលចិត្តស្តាប់រឿងនិទាន ឬអានសៀវភៅ ដែលសកម្មភាពនេះជួយជម្រុញខួរក្បាលឱ្យបង្កើតរូបភាពក្នុងចិត្ត បង្កើនការចងចាំ បណ្តុះគំនិតច្នៃប្រឌិត និងបង្កើតទម្លាប់ស្រឡាញ់ការសិក្សាឈ្វេងយល់តាំងពីតូច។
ជារួមមក ទោះបីជាកុមារម្នាក់ៗមានល្បឿននៃការលូតលាស់ខុសៗគ្នាក៏ដោយ ប៉ុន្តែការបង្កើត និងថែរក្សាទម្លាប់ល្អៗទាំងនេះមុនពេលចូលគេង គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការជួយឱ្យកូនៗលូតលាស់ប្រាជ្ញាស្មារតីបានយ៉ាងទូលំទូលាយ៕