មនុស្សជាច្រើនជឿថា ឱ្យតែចង់ស្រកទម្ងន់ វិធីដែលលឿនបំផុតគឺ «ការបង្អត់អាហារ» ឬការរំលងអាហារពេលណាមួយ។ ប៉ុន្តែ តើអ្នកធ្លាប់កត់សម្គាល់ទេថា មនុស្សភាគច្រើនដែលខំអត់បាយ កាន់តែអត់កាន់តែរីកសាច់ ឬស្រកបានតែមួយភ្លែត ក៏ឡើងគីឡូមកវិញលឿនជាងមុនទៅទៀត?
នៅក្នុងផ្នែកវេជ្ជសាស្ត្រ និងអាហារូបត្ថម្ភ បាតុភូតនេះមិនមែនជារឿងចម្លែកនោះទេ។ ខាងក្រោមនេះជាហេតុផលវិទ្យាសាស្ត្រច្បាស់លាស់ ដែលពន្យល់ថាហេតុអ្វីបានជាការបង្អត់អាហារ បែរជាធ្វើឱ្យអ្នក «កាន់តែធាត់» ទៅវិញ៖
១. រាងកាយចូលទៅកាន់ «របៀបសន្សំសំចៃ» (Starvation Mode)
រាងកាយរបស់មនុស្សយើងឆ្លាតវៃណាស់។ នៅពេលអ្នកបង្អត់អាហារ លំពែងនិងខួរក្បាលនឹងយល់ច្រឡំថា រាងកាយកំពុងស្ថិតក្នុងគ្រោះអត់ឃ្លាន ឬស្ថិតក្នុងស្ថានភាពអាសន្ន។ ដើម្បីរស់រានមានជីវិត រាងកាយនឹងបញ្ជាឱ្យ ប្រព័ន្ធដុតរំលាយអាហារ (Metabolism) ដើរយឺតចុះភ្លាមៗ ដើម្បីសន្សំសំចៃថាមពល។
-ផលវិបាក៖ នៅពេលប្រព័ន្ធដុតរំលាយអាហារដើរយឺត រាល់អាហារបន្តិចបន្តួចដែលអ្នកញ៉ាំចូលទៅ នឹងមិនត្រូវបានដុតបំផ្លាញឡើយ ប៉ុន្តែត្រូវបានរាងកាយ បំប្លែងទៅជាខ្លាញ់ស្តុកទុក ព្រោះខ្លាចអ្នកបង្អត់វា ម្តងទៀត។
២. រាងកាយបាត់បង់សាច់ដុំ ប៉ុន្តែរក្សាខ្លាញ់ (Loss of Muscle Mass)
នៅពេលគ្មានអាហារចូលទៅចិញ្ចឹម រាងកាយត្រូវការថាមពលជាប្រចាំ។ វានឹងមិនទៅយកខ្លាញ់មកដុតភ្លាមៗនោះទេ ប៉ុន្តែវានឹងទៅ រំលាយកោសិកាសាច់ដុំ យកមកប្រើប្រាស់ជំនួសវិញ។
-ផលវិបាក៖ សាច់ដុំគឺជាម៉ាស៊ីនដុតកាឡូរីដ៏ធំបំផុតនៅក្នុងខ្លួន។ កាលណាអ្នកអត់បាយ សាច់ដុំកាន់តែថយចុះ ធ្វើឱ្យសមត្ថភាពដុតរំលាយជាតិខ្លាញ់របស់រាងកាយកាន់តែធ្លាក់ចុះខ្សោយ។ នេះជាមូលហេតុដែលធ្វើឱ្យសាច់របស់អ្នកទៅជាទន់ជ្រាយ ទោះជាគីឡូស្រកបន្តិចមែន ប៉ុន្តែរាងកាយមិនស្អាត។
៣. ប្រតិកម្មបកវិញនៃអរម៉ូនឃ្លាន
ការបង្អត់អាហារធ្វើឱ្យអរម៉ូន Ghrelin (អរម៉ូនបញ្ជាឱ្យឃ្លាន) កើនឡើងខ្ពស់ហួសប្រមាណ និងធ្វើឱ្យអរម៉ូន Leptin (អរម៉ូនបញ្ជាឱ្យឆ្អែត) ធ្លាក់ចុះ។
-ផលវិបាក៖ នៅពេលអ្នកទ្រាំអត់មិនបាន ហើយត្រឡប់មកញ៉ាំវិញ ខួរក្បាលនឹងបញ្ជាឱ្យអ្នកមានអារម្មណ៍ ឃ្លានខ្លាំងខុសធម្មតា (Binge Eating) ជាពិសេសគឺចង់ញ៉ាំអាហារដែលមានជាតិស្ករ ខ្លាញ់ និងកាបូអ៊ីដ្រាតខ្ពស់។ ការញ៉ាំបុកសម្រុកភ្លាមៗនេះ ធ្វើឱ្យគីឡូឡើងហក់ខ្លាំងជាងមុន ដែលគេហៅថា “Yo-Yo Effect”។
វិធីសាស្ត្រសម្រកទម្ងន់ដែលត្រឹមត្រូវ និងមាននិរន្តរភាព៖
បើមិនចង់ឱ្យរាងកាយខូច និងកាន់តែធាត់ ចូលឈប់បង្អត់អាហារ ហើយងាកមកអនុវត្តវិធីទាំងនេះវិញ៖
-កាត់បន្ថយកាឡូរី តែហាមអត់អាហារ៖ ញ៉ាំឱ្យគ្រប់ទាំង ៣ ពេល ប៉ុន្តែត្រូវជ្រើសរើសអាហារដែលមានកាឡូរីទាប និងមានសារធាតុចិញ្ចឹមខ្ពស់ (បន្លែ ផ្លែឈើ សាច់ទ្រូងមាន់ ត្រី)។
-បង្កើនប្រូតេអ៊ីន (Protein)៖ ញ៉ាំប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ដើម្បីរក្សាម៉ាសសាច់ដុំ ដែលជាជំនួយការដុតខ្លាញ់ដ៏ល្អបំផុត។
-កុំរំលងអាហារពេលព្រឹក៖ អាហារពេលព្រឹកគឺជាម៉ាស៊ីនដាស់ប្រព័ន្ធដុតរំលាយអាហារឱ្យដំណើរការពេញមួយថ្ងៃ។
ការសម្រកទម្ងន់ប្រកបដោយជោគជ័យ មិនមែនជាការ «ញ៉ាំឱ្យតិចបំផុត» នោះទេ ប៉ុន្តែគឺការ «ចេះជ្រើសរើសអាហារញ៉ាំឱ្យបានត្រឹមត្រូវ» ៕