យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងសម័យកាលដែលចំណេះដឹងត្រូវបានចែកចាយយ៉ាងរហ័សតាមវីដេអូខ្លីៗ មនុស្សជាច្រើនចាប់ផ្ដើមមានចម្ងល់ពីតម្លៃនៃការអានសៀវភៅ។
ទោះជាយ៉ាងណា ភាពខុសគ្នាដ៏ធំបំផុតនោះគឺ សៀវភៅគឺជាប្រព័ន្ធនៃចំណេះដឹងដែលមានតក្កវិជ្ជាច្បាស់លាស់ និងជួយកសាងពិភពខាងក្នុងរបស់មនុស្សឱ្យរឹងមាំ ខណៈដែលវីដេអូខ្លីផ្ដល់ត្រឹមតែព័ត៌មានបំណែកៗដែលងាយនឹងរលាយបាត់ទៅវិញ។ ការអានសៀវភៅប្រៀបដូចជាការសន្ទនាជាមួយកំពូលខួរក្បាលរបស់ពិភពលោក ដែលអនុញ្ញាតឱ្យយើងទទួលបានបទពិសោធរាប់ពាន់ជីវិត ទោះបីជាយើងមិនបានទៅដល់កន្លែងនោះផ្ទាល់ក៏ដោយ។ វាជួយឱ្យយើងមានភាពចាស់ទុំខាងផ្លូវចិត្ត មិនងាយរេតាមឥទ្ធិពលសង្គម ឬស្តង់ដារសម្រស់បណ្ដោះអាសន្ននៅលើបណ្ដាញសង្គមឡើយ។
លើសពីនេះ សៀវភៅគឺជាប្រភពនៃថាមពលខាងក្នុងដ៏មហាសាលដែលជួយយិតយោងស្មារតីនៅពេលជីវិតជួបឧបសគ្គ។ ដូចដែលកំពូលអ្នកនិពន្ធធ្លាប់បានលើកឡើងថា សៀវភៅមិនបានផ្ដល់សំណាងឱ្យអ្នកភ្លាមៗទេ ប៉ុន្តែវាជួយឱ្យអ្នករកឃើញខ្លួនឯង និងផ្ដល់កម្លាំងចិត្តឱ្យអ្នកក្រោកឈរឡើងវិញនៅពេលពិភពលោកវាយបកមកលើអ្នក។
ការអានសៀវភៅមិនមែនដើម្បីសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យតែមួយមុខនោះទេ ប៉ុន្តែគឺដើម្បីឱ្យនៅពេលដែលជីវិតធ្លាក់ចុះដល់ចំណុចទាបបំផុត អ្នកនៅតែមានចំណេះដឹង និងសេចក្ដីសង្ឃឹមនៅក្នុងចិត្តដើម្បីបន្តដំណើរទៅមុខ។
ជារួមមក សៀវភៅគឺជាពន្លឺដែលនាំផ្លូវយើងឱ្យមើលឃើញពិភពលោកបានធំទូលាយជាងភ្នែកមើលឃើញ និងជួយឱ្យយើងរស់នៅក្នុងជីវិតមួយដែលមានន័យ និងមានភាពស្ងប់សុខពិតប្រាកដ៕