យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំកាហ្វេក្នុងកម្រិតមធ្យមចន្លោះពី ១ ទៅ ៣ កែវក្នុងមួយថ្ងៃ មិនត្រឹមតែមិនបង្កគ្រោះថ្នាក់ដល់តម្រងនោមសម្រាប់មនុស្សទូទៅដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងកាហ្វេថែមទាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃ និងក្រួសក្នុងតម្រងនោមទៀតផង។
ទោះជាយ៉ាងណា អ្វីដែលអ្នកគួរប្រុងប្រយ័ត្នបំផុតនោះគឺគ្រឿងផ្សំបន្ថែមដូចជា ស្ករ ទឹកដោះគោ និងគ្រីមបំពង ដែលជាភ្នាក់ងារបង្កឱ្យលើសឈាម និងលើសជាតិខ្លាញ់ ដែលផ្ដល់ផលប៉ះពាល់ដោយប្រយោលដល់មុខងារតម្រងនោម។ បន្ថែមពីនេះ ការញ៉ាំកាហ្វេច្រើនលើសកម្រិតលើសពី ៤ កែវក្នុងមួយថ្ងៃ អាចជាបញ្ហាសម្រាប់អ្នកដែលមានជំងឺលើសឈាមស្រាប់ ឬអ្នកដែលមានប្រព័ន្ធរំលាយជាតិកាហ្វេអ៊ីនយឺត។
ដូច្នេះ ដើម្បីរក្សាសុខភាពតម្រងនោមឱ្យបានល្អ អ្នកគួរជ្រើសរើសញ៉ាំកាហ្វេខ្មៅក្នុងបរិមាណសមល្មម និងត្រូវញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃដើម្បីរក្សាតុល្យភាពក្នុងរាងកាយ។ សម្រាប់អ្នកដែលមានជំងឺតម្រងនោមដំណាក់កាលធ្ងន់ធ្ងរ ការពិគ្រោះជាមួយគ្រូពេទ្យជារឿងចាំបាច់បំផុត ដើម្បីគ្រប់គ្រងកម្រិតជាតិប៉ូតាស្យូម និងជាតិទឹកឱ្យបានត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ៕