យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីទទួលបានសុខភាពល្អ និងជៀសផុតពីជំងឺបេះដូង ឬសរសៃឈាម អ្នកជំនាញអាហារូបត្ថម្ភបានផ្ដល់អនុសាសន៍ឱ្យគ្រប់គ្រងបរិមាណសាច់សត្វឱ្យបានត្រឹមត្រូវ ដោយក្នុងមួយសប្តាហ៍ មនុស្សពេញវ័យគួរញ៉ាំត្រី និងសាច់បក្សីចន្លោះពី ៥៦០ ក្រាម ទៅ ១,០៥០ ក្រាម និងស៊ុតមិនឱ្យលើសពី ៧ គ្រាប់ឡើយ។ ជាមធ្យម ក្នុងមួយថ្ងៃអ្នកគួរទទួលទានសាច់ចម្រុះក្នុងរង្វង់ ១២០ ក្រាម ទៅ ២០០ ក្រាម ដោយបែងចែកឱ្យស្មើៗគ្នាតាមអាហារនីមួយៗ ចៀសវាងការញ៉ាំច្រើនកកកុញក្នុងពេលតែមួយ។
តិចនិកសំខាន់ៗដែលអ្នកគួរអនុវត្តមានដូចជា៖ ផ្តល់អាទិភាពលើការញ៉ាំត្រី និងសាច់បក្សីដែលសម្បូរអាស៊ីតខ្លាញ់ល្អ ចំណែកស៊ុតគួរញ៉ាំទាំងមូលដោយមិនបាច់បោះផ្នែកពណ៌លឿងចោលឡើយ។ សម្រាប់សាច់សត្វជើងបួន គួរជ្រើសរើសយកសាច់សុទ្ធ និងកាត់បន្ថយសាច់ជាប់ខ្លាញ់ ចំណែកគ្រឿងក្នុងសត្វអាចញ៉ាំបាន ២ ទៅ ៣ ដងក្នុងមួយខែដើម្បីបំប៉នជាតិដែក។ អ្វីដែលត្រូវប្រុងប្រយ័ត្នបំផុតគឺត្រូវកាត់បន្ថយសាច់កែច្នៃ សាច់ផ្អាប់ ឬសាច់ឆ្អើរ ព្រោះវាមានសារធាតុបង្កហានិភ័យមហារីក។
ការហាន់សាច់ជាចំណិតតូចៗមុនចម្អិន និងការផ្លាស់ប្តូរមុខម្ហូបឱ្យបានចម្រុះមុខជារៀងរាល់ថ្ងៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការគ្រប់គ្រងថាមពល និងរក្សាតុល្យភាពប្រូតេអ៊ីនសម្រាប់រាងកាយ៕