យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងពេលដែលអត្រាអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមកើនឡើងគួរឱ្យបារម្ភ វេជ្ជបណ្ឌិតបានចេញមុខព្រមានឱ្យអ្នកជំងឺ និងអ្នកស្រឡាញ់សុខភាពចៀសឱ្យឆ្ងាយពីភេសជ្ជៈ ៥ ប្រភេទ ដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែវាគឺជា «ឃាតករលាក់មុខ» បំផ្លាញលំពែង និងធ្វើឱ្យជាតិស្ករក្នុងឈាមបាត់បង់ការគ្រប់គ្រង។
ភេសជ្ជៈទាំងនោះរួមមាន៖ ទឹកក្រូចមានហ្គាស (សម្បូរស្ករចម្រាញ់), ទឹកផ្លែឈើកៀបចម្រាញ់ដែលខ្វះជាតិសរសៃ, តែទឹកដោះគោ (សម្បូរខ្លាញ់អាក្រក់ និងស្ករ), គ្រឿងស្រវឹង (ធ្វើឱ្យជាតិស្ករមិនស្ថិតស្ថេរខ្លាំង) និងទឹកដោះគោលាយរសជាតិផ្អែម។
ភេសជ្ជៈទាំងនេះមិនត្រឹមតែធ្វើឱ្យជាតិស្ករក្នុងឈាមហក់ឡើងខ្ពស់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនការរលាក និងធ្វើឱ្យកោសិការាងកាយលែងស៊ាំនឹងអាំងស៊ុយលីន ដែលនាំឱ្យកើតផលវិបាកធ្ងន់ធ្ងរដល់បេះដូង និងសរីរាង្គផ្សេងៗ។
ដើម្បីការពារជីវិត និងរក្សាលំពែងឱ្យមានសុខភាពល្អ អ្នកជំនាញណែនាំឱ្យជ្រើសរើសយកទឹកស្អាត តែគ្មានស្ករ ឬភេសជ្ជៈដែលធ្វើដោយខ្លួនឯងដោយមិនបន្ថែមជាតិស្ករជំនួសវិញ ដែលវាគឺជាជម្រើសដ៏វៃឆ្លាត និងមានសុវត្ថិភាពបំផុត៕