ស្បែកគឺជាខែលការពាររាងកាយដ៏សំខាន់បំផុត ប៉ុន្តែមនុស្សភាគច្រើនបែរជាបំផ្លាញវាដោយអចេតនា តាមរយៈទម្លាប់ងូតទឹកប្រចាំថ្ងៃ។ ប្រសិនបើអ្នកចង់បានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា អ្នកគួរតែឈប់ធ្វើរឿងទាំងនេះភ្លាម!។
ខាងក្រោមនេះ គឺជាទម្លាប់ងូតទឹកមិនល្អ ៥ យ៉ាង ដែលកំពុងបំផ្លាញស្បែករបស់អ្នក៖
១. ការងូតទឹកក្តៅខ្លាំងពេក
ទោះបីជាការងូតទឹកក្តៅជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយស្រ្តេស ប៉ុន្តែទឹកដែលមានសីតុណ្ហភាពខ្ពស់ពេក នឹងលាងជម្រះជាតិប្រេងធម្មជាតិ (Natural Oils) ដែលការពារស្បែកចេញអស់។ វានឹងធ្វើឱ្យស្បែកស្ងួតខ្លាំង រមាស់ និងងាយនឹងប្រតិកម្មជាមួយមជ្ឈដ្ឋានខាងក្រៅ។
-ដំបូន្មាន៖ គួរប្រើទឹកដែលមានសីតុណ្ហភាពធម្មតា ឬទឹកឧណ្ហៗល្មម។
២. ងូតទឹកយូរពេក
ការចំណាយពេលនៅក្នុងបន្ទប់ទឹកយូរពេក មិនមែនមានន័យថាធ្វើឱ្យស្បែកកាន់តែស្អាតនោះទេ។ ផ្ទុយទៅវិញ ការឱ្យស្បែកត្រូវទឹកយូរហួសហេតុ នឹងធ្វើឱ្យស្រទាប់ការពារស្បែកចុះខ្សោយ និងបាត់បង់ជាតិសំណើម។
-ដំបូន្មាន៖ រយៈពេលដែលល្អបំផុតសម្រាប់ការងូតទឹក គឺចន្លោះពី ៥ ទៅ ១០ នាទី ប៉ុណ្ណោះ។
៣. ដុសស្បែកខ្លាំងៗ ឬប្រើក្រណាត់ដុសដែលគ្រើមពេក
មនុស្សជាច្រើនយល់ថា ការដុសខាត់ខ្លាំងៗនឹងធ្វើឱ្យជ្រះក្អែល និងស្អាតល្អ។ ប៉ុន្តែ ការដុសខាត់ដោយប្រើកម្លាំងខ្លាំង ឬប្រើសម្ភារដុសស្បែកដែលគ្រើមហួសហេតុ អាចបណ្តាលឱ្យស្បែកមានរបួសតូចៗ (Micro-tears) ដែលមើលមិនឃើញនឹងភ្នែក បង្កឱ្យមានការរលាក និងឆាប់ចាស់ជាងវ័យ។
៤. ការប្រើប្រាស់សាប៊ូដែលមានជាតិកាត់ខ្លាំង
សាប៊ូដុសខ្លួនមួយចំនួនមានផ្ទុកសារធាតុគីមីខ្លាំង និងក្លិនក្រអូបខ្លាំងពេក ដែលអាចធ្វើឱ្យស្បែកបាត់បង់តុល្យភាព pH។ ប្រសិនបើក្រោយងូតទឹករួច អ្នកមានអារម្មណ៍ថាស្បែក “តឹង” ឬ “ស្ងួតក្រិប” នោះមានន័យថាសាប៊ូដែលអ្នកប្រើកំពុងតែធ្វើបាបស្បែកអ្នកហើយ។
-ដំបូន្មាន៖ ជ្រើសរើសសាប៊ូប្រភេទ Gentle Cleanser ឬសាប៊ូដែលមានជាតិផ្តល់សំណើម (Moisturizing bar/wash)។
៥. ការជូតខ្លួនខ្លាំងៗ និងមិនព្រមលាបគ្រីមផ្តល់សំណើម
ក្រោយពេលងូតទឹករួច ការប្រើកន្សែងជូតខ្លួនខ្លាំងៗ គឺជាកំហុសឆ្គងមួយ។ លើសពីនេះ ប្រសិនបើអ្នកទុកឱ្យស្បែកស្ងួតដោយខ្លួនឯងលើសពី ៣ នាទី ទើបលាបឡេ នោះជាតិសំណើមនឹងត្រូវភាយចេញអស់។
-ដំបូន្មាន៖ ប្រើកន្សែងទន់ៗផ្ដិតលើស្បែកតិចៗឱ្យនៅសល់សំណើមតិចតួច រួចប្រញាប់លាបឡេផ្តល់សំណើម (Lotion/Moisturizer) ភ្លាមៗ ដើម្បីរក្សាជាតិទឹកក្នុងស្បែក។
ការផ្លាស់ប្តូរទម្លាប់តូចតាចក្នុងការងូតទឹក នឹងផ្តល់លទ្ធផលយ៉ាងអស្ចារ្យចំពោះសុខភាពស្បែករបស់អ្នក។ ចូរចាប់ផ្តើមថែរក្សាស្បែករបស់អ្នកឱ្យបានត្រឹមត្រូវចាប់ពីថ្ងៃនេះតទៅ ដើម្បីភាពជឿជាក់ និងសម្រស់ដែលស្ថិតស្ថេរយូរអង្វែង!