ក្នុងសម័យកាលដែលមនុស្សគ្រប់គ្នាខ្វល់ខ្វាយពីសុខភាព យើងតែងតែជ្រើសរើសអាហារដែលស្លាកសញ្ញាបញ្ជាក់ថា “សុខភាព” (Healthy)។ ប៉ុន្តែ តើអ្នកដឹងទេថា អាហារខ្លះដែលអ្នកកំពុងញ៉ាំរាល់ថ្ងៃ ព្រោះគិតថាវាល្អ តាមពិតវាគឺជា «ឃាតករលាក់មុខ» ដែលកំពុងបំផ្លាញសរីរាង្គរបស់អ្នកបន្តិចម្ដងៗ?
ខាងក្រោមនេះ គឺជាអាហារ ៥ ប្រភេទ ដែលមនុស្សភាគច្រើនយល់ច្រឡំថាជាអាហារសុខភាព៖
១. ទឹកផ្លែឈើកំប៉ុង ឬទឹកផ្លែឈើដែលចម្រោះយកកាកចេញ
យើងតែងគិតថាការផឹកទឹកផ្លែឈើគឺស្មើនឹងការញ៉ាំផ្លែឈើស្រស់។ ការពិត នៅពេលផ្លែឈើត្រូវបានចម្រោះយកកាក (Fiber) ចេញ វានៅសល់តែ «ទឹកស្ករ» សុទ្ធសាធ។ នៅពេលអ្នកផឹកវា ជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់ភ្លាមៗ ដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែម និងលើសទម្ងន់។
-ដំបូន្មាន៖ គួរញ៉ាំផ្លែឈើទាំងមូល ដើម្បីទទួលបានជាតិសរសៃដែលជួយពន្យឺតការបឺតស្រូបជាតិស្ករ។
២. យ៉ាអួដែលមានរសជាតិ
យ៉ាអួធម្មជាតិពិតជាល្អចំពោះពោះវៀន ប៉ុន្តែ “យ៉ាអួរសជាតិផ្លែឈើ” ដែលមានលក់លើទីផ្សារភាគច្រើន សម្បូរទៅដោយជាតិស្ករ និងសារធាតុរក្សាទុកឱ្យបានយូរ។ ពេលខ្លះ យ៉ាអួមួយកំប៉ុងតូច មានជាតិស្ករច្រើនជាងភេសជ្ជៈផ្អែមៗទៅទៀត។
-ដំបូន្មាន៖ ជ្រើសរើសប្រភេទ Greek Yogurt ឬយ៉ាអួធម្មជាតិ (Plain) ហើយបន្ថែមផ្លែឈើស្រស់ដោយខ្លួនឯង។
៣. គ្រាប់ធញ្ញជាតិច្នៃ
រូបភាពនៅលើប្រអប់មើលទៅហាក់ដូចជាមានសុខភាពល្អខ្លាំងណាស់ ប៉ុន្តែដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ និងជាប់គ្នាជាដុំ ក្រុមហ៊ុនផលិតតែងតែបន្ថែមទឹកស៊ីរ៉ូ (Syrup) ទឹកឃ្មុំច្នៃ និងខ្លាញ់មិនល្អ។ វាផ្ដល់ថាមពលខ្លាំងពេក ដែលរាងកាយប្រើមិនអស់ ហើយប្រែទៅជាខ្លាញ់រុំបេះដូង។
៤. សាឡាត់ដែលមានទឹកជ្រលក់ច្រើន
ការញ៉ាំបន្លែគឺជាជម្រើសដ៏ឆ្លាតវៃ ប៉ុន្តែការស្រោចទឹកជ្រលក់ប្រភេទ Cream, Mayonnaise ឬទឹកជ្រលក់ផ្អែមៗពីលើបន្លែទាំងនោះ ធ្វើឱ្យសាឡាត់មួយចានក្លាយជា “គ្រាប់បែកកាឡូរី”។ អ្នកកំពុងញ៉ាំខ្លាញ់ និងសូដ្យូម ច្រើនជាងវីតាមីនពីបន្លែទៅទៀត។
-ដំបូន្មាន៖ ប្រើប្រេងអូលីវ ទឹកក្រូចឆ្មារ ឬទឹកខ្មេះប៉ោម ជំនួសវិញ។
៥. អាហារដែលសរសេរថា “គ្មានជាតិខ្លាញ់”
នៅពេលក្រុមហ៊ុនដកជាតិខ្លាញ់ចេញពីអាហារ រសជាតិនឹងបាត់បង់។ ដើម្បីឱ្យវានៅតែឆ្ងាញ់ គេត្រូវបន្ថែម «ជាតិស្ករ និងម្សៅ» ជំនួសវិញ។ អាហារគ្មានខ្លាញ់ មិនមែនមានន័យថាគ្មានកាឡូរីនោះទេ។