យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេស (BMJ) បានរកឃើញថា ការហាត់ប្រាណត្រឹមតែ ៥នាទីក្នុងមួយដង និងធ្វើឱ្យបាន ២ដងក្នុងមួយថ្ងៃ អាចជួយកែម្អសុខភាពបេះដូង និងសួតយ៉ាងមានប្រសិទ្ធភាពសម្រាប់អ្នកដែលមិនសូវមានពេលធ្វើចលនា។
សកម្មភាពសាមញ្ញៗដូចជា ការដើរឡើងជណ្តើរ ការដើរឱ្យលឿន ឬការហាត់ប្រាណស្រាលៗនៅផ្ទះ សុទ្ធតែអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង និងការគាំងបេះដូងបានយ៉ាងច្រើន ជាពិសេសចំពោះស្ត្រីវ័យកណ្តាលដែលចំណាយពេលហាត់ប្រាណខ្លីៗបែបនេះ អាចកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងធ្ងន់ធ្ងរបានរហូតដល់ ៤៥%។
ការបញ្ចូលលំហាត់ប្រាណរយៈពេលខ្លីទៅក្នុងទម្លាប់ប្រចាំថ្ងៃ មិនត្រឹមតែជួយយកឈ្នះលើបញ្ហាខ្វះខាតពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់អ្នកធ្វើការការិយាល័យក្នុងការថែរក្សាសុខភាពបេះដូងឱ្យរឹងមាំ និងរស់នៅបានយូរអង្វែង៕