យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលនិយាយពីអាថ៌កំបាំងអាយុវែង មនុស្សភាគច្រើនតែងគិតដល់សុខភាពបេះដូង ខួរក្បាល ឬរបបអាហារ ប៉ុន្តែអ្នកជំនាញផ្នែកឆ្អឹង និងសន្លាក់មកពីសហរដ្ឋអាម៉េរិកបានបង្ហើបថា “ប្រអប់ជើង” គឺជាផ្នែកដ៏សំខាន់បំផុតមួយដែលកំណត់ពីគុណភាពជីវិតនៅវ័យជរា។
ប្រអប់ជើងរឹងមាំមិនត្រឹមតែជួយឱ្យយើងឈរត្រង់ និងរក្សាតុល្យភាពបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “សរីរាង្គវិញ្ញាណ” ដែលទទួលសញ្ញាពីដីដើម្បីបញ្ជាទៅចលនារាងកាយផងដែរ។ នៅពេលវ័យកាន់តែច្រើន កម្លាំងសាច់ដុំប្រអប់ជើង និងម្រាមជើងនឹងចុះខ្សោយ ដែលជាមូលហេតុចម្បងបង្កឱ្យមានការដួល និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សចាស់។
ដើម្បីពង្រឹងសុខភាពជើង អ្នកជំនាញណែនាំឱ្យអនុវត្តលំហាត់ប្រាណងាយៗដូចជា ការប្រើម្រាមជើងសង្កត់លើកន្សែងឱ្យជាប់ ការសាកល្បងដើរជើងទទេក្នុងផ្ទះប្រហែល ៥ នាទីក្នុងមួយថ្ងៃ និងការជ្រើសរើសស្បែកជើងដែលមិនតឹងពេក ដើម្បីឱ្យម្រាមជើងអាចធ្វើចលនាបានតាមធម្មជាតិ និងជួយឱ្យអ្នកអាចដើរទៅមុខដោយភាពជឿជាក់ក្នុងវ័យជរា៕