យោងតាមការចុះផ្សាយពីប្រភពរទេស ថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលដើរតួជា “ម៉ាស៊ីនចម្រោះ” សម្រាប់កែច្នៃសារធាតុចិញ្ចឹម និងបណ្ដេញជាតិពុលចេញពីរាងកាយ ដូច្នេះការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវគឺជាគន្លឹះដ៏សំខាន់ដើម្បីការពារ និងទប់ស្កាត់ជំងឺខ្លាញ់រុំថ្លើម។
ផ្លែបឺរគឺជាអាហារដំបូងគេដែលសម្បូរទៅដោយខ្លាញ់ល្អ និងសារធាតុ Phenol ដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងកាត់បន្ថយហានិភ័យនៃការខូចខាតថ្លើមចំពោះអ្នកមានជំងឺខ្លាញ់រុំថ្លើមដែលមិនមែនមកពីគ្រឿងស្រវឹង។ ចំណែកឯភេសជ្ជៈដ៏ពេញនិយមដូចជាកាហ្វេវិញ ការសិក្សាបានបង្ហាញថាការទទួលទានក្នុងកម្រិតសមស្រប (មិនលើសពី ៤ ទៅ ៥ កែវក្នុងមួយថ្ងៃ) អាចកាត់បន្ថយហានិភ័យនៃជំងឺថ្លើម ឬខ្លាញ់រុំថ្លើមបានជិត ២០% និងកាត់បន្ថយអត្រាមរណៈដោយសារជំងឺថ្លើមរហូតដល់ ៤៩%។ ក្រៅពីនេះ ត្រីដែលមានជាតិខ្លាញ់ដូចជាត្រីសាល់ម៉ុង និងត្រីធូណា ក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងអស្ចារ្យក្នុងការកាត់បន្ថយហានិភ័យនៃជំងឺថ្លើមផ្សេងៗតាមរយៈប្រេងត្រី។
ចំពោះខ្ទឹមសដែលជាគ្រឿងទេសមិនអាចខ្វះបានក្នុងផ្ទះបាយ វាមានផ្ទុកសារធាតុ Allicin ដែលមានសមត្ថភាពប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី ជួយការពារទាំងថ្លើម ប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានយ៉ាងល្អ។ ចុងក្រោយគឺគ្រាប់ធញ្ញជាតិ ជាពិសេសគ្រាប់អាល់ម៉ុន ដែលសម្បូរទៅដោយវីតាមីន E ជួយកាត់បន្ថយហានិភ័យនៃជំងឺខ្លាញ់រុំថ្លើមដែលទាក់ទងនឹងបញ្ហាមេតាបូលីស និងជួយដល់សុខភាពបេះដូងផងដែរ។
ការបន្ថែមអាហារដែលធ្លាប់តែស្គាល់ទាំង ៥ មុខនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏សាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាថ្លើមឱ្យមានសុខភាពល្អ និងរឹងមាំជានិច្ច៕