យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ផលិតផលបំបាត់ក្លិនក្លៀកនៅពេលព្រឹកមុនពេលចេញពីផ្ទះ គឺជាទម្លាប់ដែលមនុស្សភាគច្រើនយល់ថាត្រឹមត្រូវ ប៉ុន្តែតាមពិតទៅវាគឺជាកំហុសឆ្គងបច្ចេកទេសដែលធ្វើឱ្យផលិតផលបាត់បង់ប្រសិទ្ធភាពស្ទើរតែទាំងស្រុង។
បើតាមការបកស្រាយរបស់ឱសថការី សារធាតុសំខាន់ក្នុងឡានបំបាត់ក្លិនត្រូវការពេលវេលាពី ៦ ទៅ ៨ ម៉ោង ដើម្បីជ្រាបចូលទៅក្នុងរន្ធញើស និងបង្កើតជា “របាំងការពារ” ទប់ស្កាត់ញើស។ ប្រសិនបើអ្នកប្រើវានៅពេលព្រឹក ហើយចេញទៅក្រៅភ្លាមៗ កម្ដៅថ្ងៃ និងញើសនឹងហូរមកលាងជម្រះសារធាតុទាំងនោះចេញអស់មុនពេលវាទាន់បានដំណើរការ។
ពេលវេលាដែលល្អបំផុត ឬហៅថា “ម៉ោងមាស” សម្រាប់ការប្រើឡានបំបាត់ក្លិន គឺ ពេលយប់មុនពេលចូលគេង។ នៅពេលយប់ សីតុណ្ហភាពរាងកាយចុះត្រជាក់ ហើយក្រពេញញើសស្ថិតក្នុងស្ថានភាព “សម្រាក” ដែលជាបរិយាកាសល្អបំផុតឱ្យសារធាតុបំបាត់ក្លិនជ្រាបចូលបានជ្រៅ និងជាប់រឹងមាំក្នុងរន្ធញើស។ ទោះបីជាព្រឹកឡើងអ្នកងូតទឹកសម្អាតខ្លួនក៏ដោយ ក៏ប្រសិទ្ធភាពការពារក្លិននៅតែរក្សាបានដដែល។ ក្រៅពីនេះ អ្នកមិនគួរប្រើឡានបំបាត់ក្លិននៅលើស្បែកដែលកំពុងសើម ឬទើបតែងូតទឹករួចភ្លាមៗនោះទេ ព្រោះវាអាចបង្កឱ្យមានប្រតិកម្មគីមីធ្វើឱ្យរមាស់ ឬរលាកស្បែក។ សម្រាប់ការថែរក្សាឱ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរកាត់បន្ថយអាហារដែលមានក្លិនឆ្អេះ (ដូចជាខ្ទឹមស គ្រឿងទេសហឹរ) ជ្រើសរើសសម្លៀកបំពាក់ដែលមានខ្យល់ចេញចូលល្អ និងរក្សាអនាម័យក្លៀកឱ្យបានស្អាតជានិច្ច ដើម្បីបង្កើនភាពជឿជាក់ក្នុងទំនាក់ទំនងប្រចាំថ្ងៃ៕