យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលឃើញទឹកនោមមានពពុះច្រើន ដោយគិតថាវាជាសញ្ញានៃការខូចតម្រងនោម ប៉ុន្តែតាមការពិត វាមិនមែនសុទ្ធតែជាជំងឺធ្ងន់ធ្ងរនោះទេ។
បើតាមវេជ្ជបណ្ឌិតជំនាញ ទឹកនោមមានពពុះអាចបណ្ដាលមកពីមូលហេតុសាមញ្ញៗដូចជា ការបាញ់ចេញខ្លាំង ការទប់នោមយូរ ការទទួលទានទឹកតិចធ្វើឱ្យទឹកនោមខាប់ ឬសូម្បីតែសារធាតុលាងសម្អាតដែលនៅសេសសល់ក្នុងបង្គន់។ ក្នុងករណីខ្លះ ការទទួលទានសាច់ច្រើនហួសប្រមាណក្នុងពេលតែមួយ ក៏អាចធ្វើឱ្យទឹកនោមមានពពុះជាបណ្ដោះអាសន្នផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរមើលរំលងឡើយ ប្រសិនបើស្ថានភាពនេះកើតឡើងដដែលៗ ព្រោះពពុះដែលច្រើន ក្រាស់ និងក្ររលាយ អាចជាសញ្ញាបង្ហាញថាមានសារធាតុប្រូតេអ៊ីនលេចធ្លាយចូលក្នុងទឹកនោម ដែលជាសញ្ញាដំបូងនៃបញ្ហាតម្រងនោម។ អ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើការនោមមានពពុះនេះមកជាមួយសញ្ញាព្រមានផ្សេងៗដូចជា ហើមត្របកភ្នែកនៅពេលព្រឹក ហើមជើង អស់កម្លាំងរ៉ាំរ៉ៃ ឬមានជំងឺប្រចាំកាយដូចជាលើសឈាម និងទឹកនោមផ្អែម។
ការធ្វើតេស្តទឹកនោម និងពិនិត្យមុខងារតម្រងនោម គឺជាវិធីសាស្ត្រច្បាស់លាស់បំផុតដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព ជៀសវាងការស្មានតាមការយល់ឃើញផ្ទាល់ខ្លួនដែលនាំឱ្យមានការភ័យខ្លាចដោយមិនចាំបាច់។ ការរក្សាទម្លាប់រស់នៅល្អ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងមិនទប់នោម គឺជាគន្លឹះដ៏សំខាន់ក្នុងការថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ៕