យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់ដើរជើងទទេក្នុងផ្ទះមិនត្រឹមតែផ្ដល់អារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់អត្ថប្រយោជន៍សុខភាពយ៉ាងច្រើនដែលយើងនឹកស្មានមិនដល់។
តាមទស្សនៈវេជ្ជសាស្ត្រ ការឱ្យស្បែកជើងប៉ះផ្ទាល់ជាមួយកម្រាលផ្ទះជួយពង្រឹងកម្លាំងសាច់ដុំតូចៗនៅបាតជើង ដែលសាច់ដុំទាំងនេះច្រើនតែចុះខ្សោយទៅតាមអាយុ ឬដោយសារការពាក់ស្បែកជើងយូរពេក។ លើសពីនេះ វេជ្ជបណ្ឌិតផ្នែកសើស្បែកបានបញ្ជាក់ថា ការដើរជើងទទេជួយឱ្យស្បែកជើងបាន “ដកដង្ហើម” កាត់បន្ថយការផ្ដុំសំណើម និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សិតបានយ៉ាងល្អ។
ទោះជាយ៉ាងណាក៏ដោយ ការដើរជើងទទេក៏មានចំណុចគួរប្រយ័ត្នមួយចំនួនផងដែរ។ សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម ពួកគាត់អាចនឹងរងការរំខានពីធូលី ឬរោមសត្វនៅលើកម្រាល។ ជាពិសេសបំផុត អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលមានបញ្ហាចរន្តឈាមរត់ខ្សោយ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះសូម្បីតែរបួសតូចតាចបំផុតក៏អាចបង្កជាបញ្ហាធ្ងន់ធ្ងរបានដែរ។ អ្នកជំនាញក៏បានណែនាំបន្ថែមថា ប្រសិនបើអ្នកត្រូវឈរធ្វើការយូរ ដូចជាពេលចម្អិនអាហារ អ្នកគួរតែពាក់ស្បែកជើងដែលមានទ្រនាប់ទន់ ដើម្បីជួយសម្រាលសម្ពាធដល់សន្លាក់ និងការពារការឈឺកែងជើង។
ការរក្សាតុល្យភាពរវាងការដើរជើងទទេដើម្បីពង្រឹងសាច់ដុំ និងការប្រើប្រាស់ស្បែកជើងការពារក្នុងពេលចាំបាច់ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីថែរក្សាសុខភាពជើងឱ្យបានរឹងមាំ និងមានផាសុកភាព៕