យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាចុងក្រោយបង្អស់ពីវិទ្យាស្ថានបច្ចេកវិទ្យា Illinois (សហរដ្ឋអាម៉េរិក) បានបង្ហាញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលថា ការបន្ថែមផ្លែបឺរ ១ ផ្លែ និងស្វាយ ១ ពែង ទៅក្នុងរបបអាហារប្រចាំថ្ងៃ រយៈពេល ៨ សប្តាហ៍ជាប់គ្នា អាចជួយកែលម្អសុខភាពសរសៃឈាម និងតម្រងនោមយ៉ាងមានប្រសិទ្ធភាព ជាពិសេសចំពោះអ្នកដែលមានសញ្ញាជិតកើតជំងឺទឹកនោមផ្អែម។
តាមរយៈការវាស់ស្ទង់សមត្ថភាពពង្រីកនៃសរសៃឈាម អ្នកស្រាវជ្រាវបានរកឃើញថា ក្រុមដែលញ៉ាំផ្លែឈើទាំងពីរមុខនេះ មានសរសៃឈាមរឹងមាំ និងយឺតល្អជាងមុន ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានប្រហែល ៨%។
អ្វីដែលកាន់តែពិសេសនោះ ផ្លែបឺរដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ និងប៉ូតាស្យូម រួមផ្សំជាមួយផ្លែស្វាយដែលសម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម បានជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ និងបញ្ចុះសម្ពាធឈាមបានយ៉ាងល្អ។ ចំពោះមុខងារតម្រងនោមវិញ សន្ទស្សន៍ចម្រោះជាតិពុល បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះគឺជាសញ្ញាវិជ្ជមានបំផុតសម្រាប់ការការពារការខូចតម្រងនោមដំណាក់កាលដំបូង។
ទោះបីជាផ្លែឈើទាំងពីរនេះមានរសជាតិផ្អែម និងសម្បូរជាតិខ្លាញ់ ប៉ុន្តែការសិក្សាបានបញ្ជាក់ថា វាមិនធ្វើឱ្យកើនទម្ងន់ឡើយ ប្រសិនបើវាត្រូវបានប្រើសម្រាប់ជំនួសអាហារដែលមានជាតិម្សៅចម្រាញ់ (ដូចជា នំប៉័ង ឬស្ករ)។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកជំនាញណែនាំឱ្យទទួលទានផ្លែឈើស្រស់ទាំងមូល ដោយមិនមែនទឹកក្រឡុកដាក់ស្ករ ឬដោះគោឡើយ និងត្រូវរក្សាការញ៉ាំឱ្យបានទៀងទាត់លើសពី ៨ សប្តាហ៍ ដើម្បីឱ្យរាងកាយអាចកែប្រែប្រព័ន្ធមេតាបូលីសឱ្យកាន់តែប្រសើរឡើង៕