យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាទម្លាប់ទទួលទានស៊ុត ១ គ្រាប់នៅពេលព្រឹក គឺជាវិធីសាស្ត្រដ៏សាមញ្ញតែផ្ដល់ផលប្រយោជន៍មហាសាលសម្រាប់សុខភាពមនុស្សវ័យចំណាស់ ជាពិសេសក្នុងការលើកកម្ពស់គុណភាពជីវិត និងមុខងារខួរក្បាល។
បើតាមរយៈការសិក្សាស្រាវជ្រាវ ស៊ុតគឺជាប្រភពប្រូតេអ៊ីនគុណភាពខ្ពស់ដែលជួយបង្កើនកម្លាំងសាច់ដុំបានរហូតដល់ ១២% ចំពោះមនុស្សដែលមានវ័យលើសពី ៧០ ឆ្នាំ ជួយឱ្យការធ្វើចលនាមានភាពរហ័សរហួន និងកាត់បន្ថយការបាត់បង់សាច់ដុំតាមវ័យ។ បន្ថែមពីនេះ ស៊ុតជួយបង្កើនកម្រិតខ្លាញ់ល្អដែលមានប្រយោជន៍ដល់បេះដូង និងងាយស្រួលដល់ប្រព័ន្ធរំលាយអាហារដែលចុះខ្សោយរបស់មនុស្សចាស់ ផ្ដល់ថាមពលស្ថិរភាព និងកាត់បន្ថយភាពហត់នឿយ។
អ្វីដែលកាន់តែពិសេសនោះគឺការជួយដល់ប្រព័ន្ធប្រសាទ ដោយការញ៉ាំស៊ុតរៀងរាល់ព្រឹកអាចជួយឱ្យសមត្ថភាពចងចាំ និងការផ្ដោតអារម្មណ៍កើនឡើងប្រហែល ៨% ដែលជាចំណែកយ៉ាងសំខាន់ក្នុងការបង្អង់ការចុះខ្សោយនៃប្រព័ន្ធយល់ដឹង។ អ្នកជំនាញណែនាំឱ្យមនុស្សវ័យចំណាស់ទទួលទានស៊ុតប្រហែល ១ គ្រាប់ក្នុងមួយថ្ងៃ ដោយអាទិភាពលើការចម្អិនបែបស្ងោរ ឬចំហុយ ដើម្បីរក្សាសារធាតុចិញ្ចឹមបានពេញលេញ និងជួយឱ្យរាងកាយរឹងមាំជានិច្ច៕