ការបែកញើសហួសប្រមាណ មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ខ្មាសគេប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការរំខានជាខ្លាំងផងដែរ។ រួមផ្សំនឹងកត្តា DNA និងអាយុ ហើយនោះអ្វីដែលអ្នកទទួលទានក៏ជាកត្តាជះឥទ្ធិពលលើក្លិនខ្លួនធម្មជាតិផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារមួយចំនួនដូចជា ប៉េងប៉ោះ, ស្ពៃក្ដោប ឬកាហ្វេ បង្កើនការបែកញើស និងធ្វើឱ្យញើសមានក្លិនមិនល្អ។ ថាតើយើងអាចដោះស្រាយបញ្ហាក្លិនខ្លួនមិនល្អឆាបរហ័សបានយ៉ាងដូចម្ដេចទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ រួមទាំងរូបមន្តធម្មជាតិងាយៗដោះស្រាយបញ្ហាក្លិនខ្លួន ៖

១. ប្រេងដូង

ប្រេងដូង ជាផលិតផលបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយដែលផ្ដល់ឱ្យរាងកាយនូវក្លិនក្រអូប។ វាមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ ហើយរារាំងការលូតលាស់នៃបាក់តេរី ខណៈដែលអាស៊ីត lauric នៃប្រេងដូងកម្ចាត់ក្លិនឈួលមិនល្អនៃរាងកាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងត្រង់ក្លៀកឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃ ក្រោយពេលងូតទឹករួច។ ហើយក៏កុំភ្លេចទទួលទានវាជាមួយនឹងអាហារ ដើម្បីកម្ចាត់បញ្ហាក្លិនមាត់មិនល្អ។

២. ក្រូចឆ្មារ និងផ្លែក្រូចដទៃទៀត

ក្លិនក្លៀកមិនមែនជាបញ្ហាតែមួយដែលលក្ខណៈសម្បត្តិសម្លាប់មេរោគរបស់ក្រូចឆ្មារជួយកម្ចាត់បានឡើយ។ ក៏ដូចទៅនឹងប្រេងដូងដែរ ទឹកក្រូចឆ្មារអាចគ្រប់គ្រងបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អដែលបង្កឡើងដោយបាក់តេរីបានយ៉ាងប្រសើរ។ ការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹកអាចជួយដោះស្រាយបញ្ហាក្លិនមាត់ឆាប់រហ័ស។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺច្របាច់ក្រូចឆ្មារម្ខាង រួចយកទឹកក្រូចឆ្មារនេះទៅដុសលាបក្រោមបាតជើង ឬត្រង់ក្លៀក ទុកឱ្យស្ងួត រួចងូតទឹកជាការស្រេច។

៣. ជីវ៉ាន់ស៊ុយ

មានផ្ទុកសម្បូរទៅដោយជាតិក្លរ៉ូភីល និងក្លិនក្រអូបស្រស់ស្រាយដែលធ្វើឱ្យវាជាឱសថបែបធម្មជាតិជួយបំបាត់បញ្ហាក្លិនខ្លួនបានយ៉ាងប្រសើរ។ ជីវ៉ាន់ស៊ុយសម្អាតរាងកាយ និងកម្ចាត់រាល់បាក់តេរីដែលបណ្ដាលឱ្យមានក្លិនខ្លួនមិនល្អ។ ការស្រាវជ្រាវបង្ហាញថា ជីវ៉ាន់ស៊ុយ មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងសមាសធាតុស្ពាន់ធ័រដែលបង្កក្លិនខ្លួនមិនល្អ។ អ្នកអាចបន្ថែមជីវ៉ាន់ស៊ុយក្នុងអាហារ ឬឆុងដើម ឬស្លឹកជីវ៉ាន់ស៊ុយស្ងួតជាតែដើម្បីទទួលទានក៏បាន។

៤. ជីអង្កាម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានជីអង្កាមស្រស់, ស្ងួត ឬប្រើប្រាស់ប្រេងជីអង្កាមលាបក្លៀក និងបាតជើងជាការស្រេច។

៥. តែបៃតង

ជាប្រភពដ៏ប្រសើរនៃអាស៊ីតសរីរាង្គ និងសារធាតុ tannin ជួយប្រយុទ្ធប្រឆាំងការបែកញើសហួសប្រមាណ និងរារាំងការលូតលាស់នៃបាក់តេរី។ តែបៃតងមានប្រយោជន៍ណាស់សម្រាប់ដោះស្រាយបញ្ហាក្លិនជើង, រាងកាយ និងសូម្បីតែខ្យល់ដង្ហើម។ ទទួលទានតែបៃតងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ ក្រៅពីជួយកាត់បន្ថយការបែកញើសហើយនោះ តែបៃតងក៏ល្អសម្រាប់ការដុតរំលាយអាហារក្នុងរាងកាយដែលផ្ដល់អត្ថប្រយោជន៍ណាស់សម្រាប់អ្នកចង់ស្គមស្អាត៕