យោងតាមការចុះផ្សាយពីប្រភពបរទេស គុយទាវ ឬ ហ្វឺគឺជាអាហារដ៏ពេញនិយម ប៉ុន្តែទម្លាប់ញ៉ាំទឹកស៊ុបអស់ពីចានអាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលវែង។
បើតាមការបញ្ជាក់របស់អ្នកជំនាញអាហារូបត្ថម្ភ ទឹកស៊ុបមួយចានមានផ្ទុកជាតិអំបិលរហូតដល់ទៅ ៣.៨ ក្រាម ដែលចំនួននេះស្មើនឹងជិត ៨០% នៃបរិមាណអំបិលដែលអង្គការសុខភាពពិភពលោក (WHO) ណែនាំឱ្យទទួលទានក្នុងមួយថ្ងៃ (មិនឱ្យលើសពី ៥ ក្រាម)។ ការទទួលទានជាតិអំបិលច្រើនហួសប្រមាណគឺជាមូលហេតុចម្បងនៃជំងឺលើសឈាម បញ្ហាបេះដូង គ្រួសក្នុងតម្រងនោម និងជំងឺពុកឆ្អឹង។
ក្រៅពីបញ្ហាជាតិអំបិល ការរំងាស់ឆ្អឹងក្នុងរយៈពេលយូរដើម្បីយកទឹកស៊ុប ក៏បញ្ចេញនូវសារធាតុដែលអាចធ្វើឱ្យអាស៊ីតអ៊ុយរិកក្នុងឈាមកើនឡើង បង្កជាហានិភ័យនៃជំងឺសន្លាក់ហ្គោដ។ លើសពីនេះ ជាតិខ្លាញ់ដែលរលាយចេញពីខួរឆ្អឹង ក៏បង្កើនកម្រិតខ្លាញ់មិនល្អដែលប៉ះពាល់ដល់សរសៃឈាមបេះដូងផងដែរ។ គុយទាវឬហ្វឺក៏ជាអាហារដែលសម្បូរម្សៅ ប៉ុន្តែខ្វះជាតិសរសៃដែលអាចបណ្ដាលឱ្យមានបញ្ហាទល់លាមក និងអតុល្យភាពអាហារូបត្ថម្ភប្រសិនបើទទួលទានរាល់ថ្ងៃ។
អ្នកជំនាញណែនាំឱ្យផ្លាស់ប្តូរមុខម្ហូបឱ្យបានចម្រុះ ជៀសវាងការញ៉ាំទឹកស៊ុបអស់ពីចាន និងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សចាស់ អ្នកជំងឺលើសឈាម និងអ្នកមានបញ្ហាតម្រងនោម ដើម្បីរក្សាសុខភាពឱ្យបានយូរអង្វែង៕