យោងតាមការចុះផ្សាយពីប្រភពបរទេស ជារឿយៗយើងតែងតែបោះចោលអាហារភ្លាមៗនៅពេលឃើញវាប្រែពណ៌ ឬដុះពន្លកដោយសារការបារម្ភពីសុខភាព ប៉ុន្តែតាមពិតទៅមានអាហារ ១០ ប្រភេទដែលរូបរាងខាងក្រៅហាក់ដូចជាខូច តែនៅតែរក្សាបាននូវគុណតម្លៃអាហារូបត្ថម្ភ និងរសជាតិយ៉ាងល្អដដែល។
ចេកទុំដែលមានស្នាមអុជខ្មៅលើសំបកគ្រាន់តែជាសញ្ញានៃការទុំជោដែលផ្ដល់រសជាតិផ្អែមខ្លាំង និងទន់ ល្អបំផុតសម្រាប់ធ្វើនំ ឬក្រឡុក ខណៈខ្ទឹមស និងខ្ញីដុះពន្លកមិនមានជាតិពុល ដូចដំឡូងបារាំងឡើយ ពោលគឺដរាបណាវាមិនរលួយ អ្នកអាចកាត់ពន្លកចេញហើយយកមកប្រើប្រាស់បានធម្មតា។ ចំពោះស្ពៃក្ដោបដែលមានអុជខ្មៅតូចៗគឺជាបញ្ហាសរីរវិទ្យានៃការដាំដុះដោយសារលើសជីដីដែលមិនមានជាតិពុល ចំណែកទឹកឃ្មុំដែលកកកករវិញគឺជាបាតុភូតរូបវិទ្យានៃជាតិស្ករនៅសីតុណ្ហភាពទាបដែលគ្រាន់តែត្រាំទឹកក្ដៅនឹងរលាយវិញភ្លាម។
បន្ថែមពីនេះ ផ្សិតស្រស់ដែលដុះរោមសគ្រាន់តែជាសរសៃស្ព័រធម្មជាតិ ស៊ុតដែលមានដានឈាមកើតចេញពីការដាច់សរសៃឈាមតូចៗរបស់មេមាន់ ហើយប៉េងប៉ោះប្រេះសំបកគឺបណ្ដាលមកពីការលូតលាស់លឿនពេក ដែលសុទ្ធតែអាចយកមកបរិភោគបានដោយសុវត្ថិភាព។ ចំពោះដំឡូងជ្វាដែលដុះពន្លកវិញ វាមិនមានជាតិពុលឡើយ គ្រាន់តែបាត់បង់ជាតិទឹកបន្តិចបន្តួច ឯសាច់គោដែលមានពន្លឺពណ៌បៃតងគ្រាន់តែជាបាតុភូតចំណាំងផ្លាតនៃសរសៃសាច់ដែលនឹងបាត់ទៅវិញពេលចម្អិនឆ្អិន ហើយមើមឈូកដែលប្រែពណ៌ក្រមៅគឺដោយសារប្រតិកម្មអុកស៊ីតកម្មពេលប៉ះខ្យល់តែប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកត្រូវបោះអាហារចោលជាដាច់ខាតប្រសិនបើវាមានសញ្ញាដុះផ្សិតពណ៌ខៀវ ខ្មៅ ឬលឿង មានសភាពរលេះរលួយ ស្អិតរំអិលខ្លាំង ធុំក្លិនស្អុយជូរ ឬមានសត្វល្អិតទិចដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុតក្នុងរបបអាហារប្រចាំថ្ងៃ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕