យោងតាមការចុះផ្សាយពីប្រភពបរទេស សាច់អាំងគឺជាអាហារដែលពិបាកនឹងបដិសេធដោយសារក្លិន និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ ប៉ុន្តែវាក៏បង្កប់នូវហានិភ័យសុខភាពតាមរយៈសារធាតុគ្រោះថ្នាក់ពីរក្រុមដែលកើតឡើងនៅពេលសាច់ប៉ះនឹងកម្ដៅខ្ពស់ និងផ្សែងភ្លើង។ សារធាតុទាំងនេះត្រូវបានរកឃើញថាមានទំនាក់ទំនងទៅនឹងជំងឺមហារីកក្រពះ ពោះវៀនធំ និងលំពែង ជាពិសេសចំពោះអ្នកដែលចូលចិត្តញ៉ាំសាច់អាំងខ្លោចៗ ឬញ៉ាំជាប្រចាំ។ ទោះជាយ៉ាងណា លោកអ្នកមិនចាំបាច់ផ្ដាច់ការញ៉ាំសាច់អាំងទាំងស្រុងដោយសារតែការភ័យខ្លាចនោះទេ ឱ្យតែដឹងពីវិធីសាស្ត្រចម្អិនឱ្យបានត្រឹមត្រូវ។
ដើម្បីកាត់បន្ថយជាតិពុល និងរក្សាសុខភាព អ្នកជំនាញបានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់សាច់សុទ្ធ (សាច់គ្មានខ្លាញ់) ព្រោះខ្លាញ់ដែលស្រក់លើភ្លើងគឺជាប្រភពបង្កផ្សែងពុល។ ការហាន់សាច់ជាដុំតូចៗដើម្បីឱ្យឆាប់ឆ្អិន និងការប្រែសាច់ឱ្យបានញឹកញាប់ ក៏ជាវិធីជួយកុំឱ្យសាច់ខ្លោចផងដែរ។ លើសពីនេះ ការប្រឡាក់សាច់ជាមួយក្រូចឆ្មារ ខ្ទឹមស ស្រាបៀរ ឬស្រាក្រហម ត្រូវបានគេរកឃើញថាអាចកាត់បន្ថយសារធាតុពុលបានរហូតដល់ ៩០%។ ចំណុចសំខាន់បំផុតគឺប្រសិនបើមានកន្លែងខ្លោចខ្មៅ ត្រូវតែហែកបោះចោល ដាច់ខាតកុំស្ដាយ។
ជាចុងក្រោយ គន្លឹះដែលល្អបំផុតគឺ “ការញ៉ាំក្នុងកម្រិតសមល្មម” ដោយការញ៉ាំសាច់អាំងត្រឹមតែម្ដងក្នុងមួយខែ មិនត្រឹមតែមិនផ្ដល់គ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ ប៉ុន្តែវាថែមទាំងធ្វើឱ្យការរង់ចាំញ៉ាំរបស់លោកអ្នកកាន់តែមានន័យ និងមានរសជាតិឆ្ងាញ់ពិសាទៀតផង៕