យោងតាមការចុះផ្សាយពីប្រភពបរទេស ការបណ្ដុះបណ្ដាលកូនឱ្យក្លាយជាមនុស្សមានគុណភាពមិនមែនជាការគ្រប់គ្រងបែបបង្ខិតបង្ខំឡើយ ប៉ុន្តែគឺជាការកសាងគ្រឹះនៃជីវិតឱ្យបានរឹងមាំតាមរយៈការយកចិត្តទុកដាក់លើចំណុចស្នូលចំនួនបី។
ដំបូងបង្អស់គឺការគ្រប់គ្រងទម្លាប់ដោយការបង្រៀនឱ្យកូនស្គាល់កាលវិភាគច្បាស់លាស់ និងដឹងថាអ្វីដែលត្រូវធ្វើមុននិងក្រោយ ព្រោះទម្លាប់ដែលបង្កើតឡើងតាំងពីក្មេងនឹងក្លាយជាវិន័យស្វ័យប្រវត្តិនាំទៅរកភាពជោគជ័យ។ បន្ទាប់មកគឺការគ្រប់គ្រងវិន័យ និងច្បាប់ទម្លាប់ដែលជាការបង្រៀនឱ្យកូនចេះរស់នៅជាមួយអ្នកដទៃដោយការគោរព រក្សាសន្យា និងមានមារយាទល្អ ដែលកត្តានេះនឹងជួយឱ្យកូនទទួលបានការស្រឡាញ់រាប់អានក្នុងសង្គម។
ចុងក្រោយដែលសំខាន់បំផុតគឺការកំណត់ “បន្ទាត់ក្រហម” ឬដែនកំណត់ដែលមិនអាចរំលងបាន ជាពិសេសរឿងសីលធម៌ សុវត្ថិភាព និងការទទួលខុសត្រូវលើកំហុសខ្លួនឯង ដើម្បីឱ្យកូនដឹងច្បាស់ពីអ្វីដែលមិនត្រូវធ្វើដាច់ខាត។ ការគ្រប់គ្រងដោយក្ដីស្រឡាញ់ និងការយល់ចិត្តបែបនេះ នឹងជួយឱ្យកូនមានភាពជឿជាក់លើខ្លួនឯង និងអាចឈរជើងបានយ៉ាងរឹងមាំក្នុងជីវិតនាពេលអនាគត៕