យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ Erasmus Rotterdam នៃប្រទេសហូឡង់ បានបង្ហាញសញ្ញាអាសន្នថា បុរសដែលនិយមទទួលទានអាហារកែច្នៃកម្រិតខ្ពស់ដូចជា នំបុ័ង អាហារបំពង និងអាហារសម្រន់ដែលមានជាតិប្រៃខ្លាំង ប្រឈមនឹងហានិភ័យនៃបញ្ហាអសមត្ថភាពបន្តពូជខ្ពស់ជាងមនុស្សទូទៅរហូតដល់ ៧៥%។
របបអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ស្ករ និងសារធាតុរក្សាទុកយូរទាំងនេះ ធ្វើឱ្យបុរសចំណាយពេលយូរជាងធម្មតាដើម្បីឱ្យដៃគូអាចមានផ្ទៃពោះ និងប៉ះពាល់ដល់គុណភាពមេជីវិតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ វាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺកាចសាហាវផ្សេងៗទៀត រួមមានជំងឺបេះដូង មហារីក និងជំងឺវង្វេងវង្វាន់ផងដែរ។
ចំពោះស្ត្រីវិញ ការទទួលទានអាហារកែច្នៃច្រើនក្នុងអំឡុងពេលចង់បានកូន ក៏អាចបណ្ដាលឱ្យគភ៌ក្នុងផ្ទៃវិវត្តន៍យឺតខុសប្រក្រតី ដែលបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងបញ្ហាសម្រាលកូនមិនគ្រប់ខែសម្រាប់ទារកនាពេលអនាគត។ អ្នកជំនាញបានដាស់តឿនថា គូស្វាមីភរិយាដែលត្រៀមយកបុត្រ គួរផ្លាស់ប្ដូរមកទទួលទានអាហារស្រស់ៗពីធម្មជាតិ និងកាត់បន្ថយអាហារកែច្នៃឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ យើងត្រូវលុបបំបាត់ការយល់ឃើញចាស់ៗដែលថាមានតែសុខភាពម្ដាយទើបសំខាន់សម្រាប់គភ៌ ព្រោះតាមពិតទៅ សុខភាព និងរបៀបរស់នៅរបស់ឪពុក ក៏ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការបង្កើតអនាគតកុមារឱ្យមានសុខភាពល្អ និងរឹងមាំ៕