យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើម៉ាស៊ីនសម្ងួតដៃដោយខ្យល់ក្ដៅក្នុងបន្ទប់ទឹកសាធារណៈ អាចនឹងធ្វើឱ្យដៃរបស់អ្នក “កខ្វក់” ជាងមុន។ តាមការសិក្សារបស់សាកលវិទ្យាល័យ Connecticut បានរកឃើញថា ម៉ាស៊ីនសម្ងួតដៃដើរតួដូចជា “ម៉ាស៊ីនបឺតខ្យល់” ដែលប្រមូលយកបាក់តេរីក្នុងបន្ទប់ទឹក រួចបាញ់ខ្យល់ដែលមានផ្ទុកមេរោគទាំងនោះមកលើដៃរបស់អ្នកវិញក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។ មេរោគទាំងនេះភាគច្រើនហោះចេញពីបង្គន់នៅពេលយើងចុចទឹកបង្ហូរដោយមិនបានបិទគម្រប ដែលបង្កើតជា “ពពកមេរោគ” ភាយពេញខ្យល់អាកាស។
ទោះជាយ៉ាងណា ការទុកដៃឱ្យសើមបន្ទាប់ពីលាងរួចក៏មិនមែនជាជម្រើសល្អដែរ ព្រោះបាក់តេរីងាយនឹងរីកសាយភាយលើស្បែកដែលសើម។ ដើម្បីការពារសុខភាព អ្នកជំនាញផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ក្រដាសជូតដៃជំនួសវិញ ព្រោះកម្លាំងកកិតនៃក្រដាសជួយជម្រះមេរោគដែលនៅសេសសល់បានយ៉ាងល្អ និងមិនបង្កឱ្យមានការខ្ទាតមេរោគក្នុងខ្យល់។ បន្ថែមពីនេះ អ្នកគួរទម្លាប់បិទគម្របបង្គន់មុនពេលចុចទឹកបង្ហូរ រួមទាំងជៀសវាងការអង្គុយក្នុងបន្ទប់ទឹកយូរពេកដែលបង្កជាហានិភ័យនៃជំងឺឫសដូងបាត និងការឆ្លងមេរោគពីបរិស្ថានជុំវិញ។
ការលាងដៃជាមួយសាប៊ូយ៉ាងតិច ២០ វិនាទី រួចជូតសម្ងួតដោយក្រដាស គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់មេរោគ និងការពាររាងកាយពីជំងឺឆ្លងផ្សេងៗ៕