យោងតាមការចុះផ្សាយពីប្រភពបរទេស ការជជែកវែកញែករវាងការប្រើក្រដាសអនាម័យ និងវ៉ូស៊ីតបាញ់ទឹក បានរកឃើញចម្លើយពីអ្នកជំនាញផ្នែកវះកាត់រន្ធគូទ។ តាមទស្សនៈវេជ្ជសាស្ត្រ ការប្រើតែក្រដាសអនាម័យជូត គឺមិនអាចសម្អាតកាកសំណល់បានស្អាតល្អឡើយ វាប្រៀបដូចជាការជាន់លាមកហើយយកក្រដាសមកជូតស្បែកជើងដោយមិនបានលាងទឹកដូច្នោះដែរ។ លើសពីនេះ ការដុសជូតខ្លាំងៗ ឬច្រើនដងពេកដោយក្រដាសស្ងួត អាចបណ្ដាលឱ្យរហែកស្បែកស្ដើងនៅម្ដុំរន្ធគូទ បង្កជាការឈឺចាប់ និងហូរឈាម។
ជម្រើសដ៏ល្អបំផុតគឺការប្រើ “វ៉ូស៊ីតបាញ់ទឹក” ព្រោះវាអាចជម្រះកាកសំណល់បានសព្វជ្រុងជ្រោយ ជាពិសេសជំនួយដល់អ្នកមានជំងឺឫសដូងបាត ឬអ្នកមានបញ្ហាចលនា។ ទោះជាយ៉ាងណា អ្នកជំនាញសង្កត់ធ្ងន់ថា បន្ទាប់ពីបាញ់ទឹកសម្អាតរួច អ្នក ត្រូវតែ ប្រើក្រដាសអនាម័យផ្ដិតជូត “ថ្នមៗ” ឱ្យស្ងួត ព្រោះសំណើមដែលនៅសេសសល់អាចបង្កឱ្យមានការរមាស់ និងឆ្លងមេរោគបាក់តេរី ឬផ្សិត។
ដើម្បីប្រើប្រាស់វ៉ូស៊ីតឱ្យមានសុវត្ថិភាព អ្នកគួរអនុវត្តតិចនិកដូចជា៖ ពិនិត្យកម្លាំងសម្ពាធទឹកមុននឹងបាញ់ (ជៀសវាងទឹកបាញ់ខ្លាំងពេកដែលបង្កឱ្យរហែករន្ធគូទ) បាញ់ក្នុងមុំបញ្ឆៀងដើម្បីឱ្យកាកសំណល់ធ្លាក់ចូលក្នុងបង្គន់ និងជម្រះសម្អាតក្បាលវ៉ូស៊ីតមុនពេលប្រើ។ ចំពោះស្ត្រី មិនគួរប្រើវ៉ូស៊ីតបាញ់ទឹកខ្លាំងជ្រុលទៅក្នុងតំបន់សម្ងាត់ឡើយ ព្រោះវាអាចធ្វើឱ្យបាត់បង់តុល្យភាព pH និងបង្កឱ្យមានការរលាក ឬឆ្លងមេរោគផ្នែករោគស្ត្រី៕