យោងតាមការចុះផ្សាយពីប្រភពបរទេស បច្ចុប្បន្ន និន្នាការដុសធ្មេញបែបស្ងួត ឬការមិនខ្ពុរមាត់ជាមួយទឹកក្រោយដុសធ្មេញរួច កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងបណ្ដាញសង្គម ដោយសារគេជឿថាវាជួយឱ្យសារធាតុហ្វ្លុយអូរីត នៅជាប់នឹងផ្ទៃធ្មេញបានយូរ និងការពារធ្មេញកុំឱ្យពុកបានកាន់តែប្រសើរ។
តាមបច្ចេកទេស ការធ្វើបែបនេះគឺដើម្បីកុំឱ្យទឹកទៅលាងជម្រះសារធាតុការពារធ្មេញសំខាន់ៗចេញពីមាត់អស់ភ្លាមៗ ប៉ុន្តែអ្នកជំនាញណែនាំថា ប្រសិនបើអ្នកមានអារម្មណ៍ថាមិនទម្លាប់ ឬមិនស្រណុកក្នុងមាត់ អ្នកអាចខ្ពុរទឹកចេញក្នុងបរិមាណ “តិចតួចបំផុត” បាន។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកទេសនេះមិនស័ក្តិសមសម្រាប់ក្មេងតូចៗដែលងាយនឹងលេបថ្នាំដុសធ្មេញនោះទេ ហើយអ្វីដែលសំខាន់បំផុតសម្រាប់សុខភាពមាត់ធ្មេញ នៅតែជាការដុសធ្មេញឱ្យបានត្រឹមត្រូវ ២ ដងក្នុងមួយថ្ងៃ ការប្រើប្រាស់ថ្នាំដុសធ្មេញដែលមានជាតិហ្វ្លុយអូរីត និងការប្រើអំបោះកាត់ធ្មេញជាប្រចាំមុនពេលដុសធ្មេញ៕