យោងតាមការចុះផ្សាយពីប្រភពបរទេស ការថែទាំសុខភាពជារឿងល្អ ប៉ុន្តែការអនុវត្តជ្រុលហួសហេតុអាចក្លាយជាថ្នាំពុលសម្រាប់តម្រងនោមទៅវិញ។
អ្នកជំនាញបានដាស់តឿនថា ការប្រើប្រាស់ថ្នាំបំប៉ន ឬវីតាមីនច្រើនហួសកម្រិតដោយគ្មានវេជ្ជបញ្ជា ដូចជាវីតាមីន C ខ្ពស់ពេកបង្កជាក្រួសក្នុងតម្រងនោម ការប្រើវិធីសាស្ត្របន្សាបជាតិពុល ដោយផឹកតែទឹកបន្លែផ្លែឈើជំនួសបាយ ការទទួលទានទឹកច្រើនហួសប្រមាណក្នុងរយៈពេលខ្លី ការបរិភោគជាតិប្រូតេអ៊ីនច្រើនពេកដើម្បីឡើងសាច់ដុំ និងការហាត់ប្រាណខ្លាំងក្លាដោយមិនបានបំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់ សុទ្ធតែជាកត្តាបង្កហានិភ័យខ្ពស់ដល់តម្រងនោម។
ដោយសារជំងឺតម្រងនោមច្រើនតែវិវត្តន៍ទៅមុខដោយស្ងៀមស្ងាត់ និងគ្មានរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូង ការរស់នៅដោយមានតុល្យភាព គេងឱ្យបានគ្រប់គ្រាន់ និងពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់ថ្នាំបំប៉នផ្សេងៗ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីការពារ “ម៉ាស៊ីនចម្រោះជាតិពុល” នៃរាងកាយមួយនេះឱ្យមានសុខភាពល្អបានយូរអង្វែង៕