យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលផ្លាស់ប្តូររដូវ មនុស្សជាច្រើនតែងជួបបញ្ហាក្អកមិនឈប់ និងមានអារម្មណ៍ថាមានស្លេស្មរុំជាប់បំពង់កដែលពិបាកនឹងខ្ជាក់ចេញ ជាពិសេសនៅពេលព្រឹកព្រលឹមដែលធ្វើឱ្យមានអារម្មណ៍ចង់ក្អួតពេលដុសធ្មេញ។
មនុស្សភាគច្រើនតែងរិះរកវិធីព្យាបាលដោយការញ៉ាំទឹកសំបកក្រូចឃ្វិត ឬទិញថ្នាំរំលាយស្លេស្មថ្លៃៗ ប៉ុន្តែបែរជាមើលរំលងមើមឆៃថាវស ដែលជាកំពូលអ្នកបំបាត់ស្លេស្មមានតម្លៃថោក និងងាយស្រួលរកបំផុតនៅតាមទីផ្សារ។ បើតាមក្បួនពេទ្យបុរាណចិន មើមឆៃថាវមានគុណសម្បត្តិជួយបញ្ចុះខ្យល់ និងរំលាយស្លេស្មយ៉ាងពូកែស័ក្តិសមសម្រាប់អ្នកដែលមានស្លេស្មខាប់ពណ៌លឿង ខណៈដែលវិទ្យាសាស្ត្រទំនើបរកឃើញថាវាសម្បូរទៅដោយអង់ស៊ីមរំលាយអាហារ និងប្រេងម៉ូតាម៉ាតដែលជួយធ្វើឱ្យស្លេស្មរាវ ងាយស្រួលបញ្ចេញមកក្រៅ និងជួយប្រឆាំងការរលាកបំពង់កបានយ៉ាងប្រសើរ។
សម្រាប់អ្នកជក់បារី ឬអ្នកចម្អិនអាហារញឹកញាប់ដែលតែងតែមានជាតិពុលកកកុញក្នុងសួត ការទទួលទានទឹកមើមឆៃថាវស្ងោរទាំងសំបកក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃ នឹងជួយឱ្យដង្ហើមស្រឡះ និងបាត់អាការៈរមាស់បំពង់កយ៉ាងច្បាស់ក្រែត។ អ្នកអាចជ្រើសរើសរូបមន្តស្ងោរមើមឆៃថាវទទេ ឬស្ងោរជាមួយផ្លែភាសដើម្បីជួយឱ្យសួតមានសំណើម និងបំបាត់អាការៈក្អកស្ងួតសម្រាប់ក្មេងៗ ឬប្រើរូបមន្តស្ងោរជាមួយសំបកក្រូចឃ្វិតសម្រាប់អ្នកដែលមានស្លេស្មស្អិតខ្លាំងជាប់ក្នុងបំពង់កយូរថ្ងៃ។ ទោះជាយ៉ាងណា អ្នកដែលមានបញ្ហាក្រពះវៀនខ្សោយ ឬងាយរាករូស គួរថែមខ្ញី ឬប៉ោមក្រហមចូលបន្តិចដើម្បីកាត់បន្ថយភាពត្រជាក់របស់ឆៃថាវ និងមិនគួរញ៉ាំវាជិតគ្នាជាមួយថ្នាំបំប៉នកម្លាំងឡើយ ដើម្បីធានាបាននូវប្រសិទ្ធភាពព្យាបាលខ្ពស់បំផុត និងជួយឱ្យប្រព័ន្ធដង្ហើមរបស់អ្នកត្រលប់មកមានភាពល្អប្រសើរឡើងវិញយ៉ាងឆាប់រហ័ស៕