យោងតាមការចុះផ្សាយពីប្រភពរទេស ជោគជ័យមិនមែនចាប់ផ្ដើមដោយលុយ ឬទេពកោសល្យតែមួយមុខនោះទេ ប៉ុន្តែវាចាប់ផ្ដើមចេញពី “ពាក្យសម្តី” ដែលអ្នកនិយាយមកកាន់ខ្លួនឯងជារៀងរាល់ថ្ងៃ។ អ្នកចិត្តសាស្ត្របានរកឃើញថា មនុស្សដែលតែងតែជាប់គាំងនៅវង់ដដែលៗ ច្រើនតែប្រើប្រាស់ឃ្លាដែលបង្កើតឱ្យមានការគិតអវិជ្ជមាន រារាំងការរីកចម្រើន និងបង្កើនភាពខ្ជិលច្រអូសដោយមិនដឹងខ្លួន។
ការនិយាយពាក្យថា “ខ្ញុំធ្វើមិនបានទេ” ឬ “វាពិបាកពេក” គឺជាការបិទទ្វារឱកាសតាំងពីមិនទាន់ចាប់ផ្ដើម ខណៈអ្នកជោគជ័យតែងប្រើពាក្យថា “ខ្ញុំនឹងសាកល្បង” ឬ “វាជាមេរៀន”។ ការទម្លាប់ទម្លាក់កំហុសឱ្យអ្នកដទៃ ឬជោគវាសនា ក៏ជាអាវុធសម្ងាត់ដែលបំផ្លាញសមត្ថភាពម្ចាស់ការលើជីវិតខ្លួនឯងផងដែរ។ លើសពីនេះ ការមានអំនួតថា “ខ្ញុំដឹងអស់ហើយ” ឬការត្អូញត្អែរថា “វាយឺតពេលហើយក្នុងការចាប់ផ្ដើម” សុទ្ធតែជាមេរោគដែលសម្លាប់សមត្ថភាពរៀនសូត្រ និងការច្នៃប្រឌិត។
ដើម្បីផ្លាស់ប្តូរវាសនា អ្នកត្រូវចាប់ផ្ដើមផ្លាស់ប្តូរ “ពាក្យសម្ដីក្នុងចិត្ត” ព្រោះវាជាបញ្ជាទៅកាន់អនុសម្បជញ្ញៈរបស់អ្នក។ ជំនួសឱ្យការនិយាយថា “ព្រោះតែអ្នកផ្សេង” ចូរងាកមកសួរខ្លួនឯងថា “តើខ្ញុំអាចធ្វើអ្វីឱ្យប្រសើរជាងនេះ?”។ ជំនួសឱ្យការចាំ “សំណាង” ចូរផ្ដោតលើ “ការត្រៀមខ្លួន” ព្រោះសំណាងពិតប្រាកដនឹងកើតមានចំពោះតែអ្នកដែលមិនព្រមបោះបង់ និងចេះប្រើពាក្យសម្ដីដាស់តឿនខ្លួនឯងឱ្យងើបឈរជានិច្ច៕