យោងតាមការចុះផ្សាយពីប្រភពរទេស អាកាសធាតុក្តៅហួតហែងមិនត្រឹមតែធ្វើឱ្យរាងកាយហត់នឿយ និងខ្វះជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសត្រូវដ៏ធំដែលកំពុងវាយប្រហារលើគុណភាពជីវិតផ្លូវភេទយ៉ាងស្ងៀមស្ងាត់។
តាមការពន្យល់របស់វេជ្ជបណ្ឌិតជំនាញ កម្ដៅដែលកើនឡើងខ្ពស់បណ្ដាលឱ្យរាងកាយផលិតអ័រម៉ូនស្រ្តេសកាន់តែច្រើន ដែលវាទៅបង្ក្រាបការផលិតអ័រម៉ូនចំណង់ធ្វើឱ្យទាំងបុរសនិងស្ត្រីមានការថយចុះនូវចំណង់ផ្លូវភេទ និងឆាប់ខឹងមួរម៉ៅ។ បញ្ហាខ្វះជាតិទឹកក៏ធ្វើឱ្យបេះដូងត្រូវធ្វើការធ្ងន់ជាងមុន និងសម្ពាធឈាមមិនស្ថិតស្ថេរ ដែលនាំឱ្យរាងកាយងាយនឹងហត់នឿយ និងបាត់បង់ថាមពលភ្លាមៗក្នុងពេលប្រតិបត្តិការ។
ចំពោះបុរស កម្ដៅខ្លាំងគឺជាសត្រូវនៃ “ភាពរឹងមាំ” ព្រោះការខ្វះជាតិទឹកធ្វើឱ្យសរសៃឈាមរួមតូច រារាំងលំហូរឈាមទៅកាន់ប្រដាប់ភេទ ដែលបណ្ដាលឱ្យលិង្គមិនឡើងរឹង ឬពិបាករក្សាភាពរឹងមាំបានយូរ។ លើសពីនេះ កម្ដៅក៏ប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល និងធ្វើឱ្យគុណភាពទឹកកាមធ្លាក់ចុះផងដែរ។ ចំណែកឯស្ត្រីវិញ អាកាសធាតុក្តៅនិងសើមខ្លាំង បង្កើតជាមជ្ឈដ្ឋានអំណោយផលដល់ការកើតមេរោគផ្សិត និងការរលាករោគស្ត្រី ដែលបង្កឱ្យមានក្លិនមិនល្អ និងអាការៈរមាស់រំខាន។ ស្របពេលជាមួយគ្នានេះ ការខ្វះជាតិទឹកក៏ធ្វើឱ្យកង្វះជាតិរំអិលធម្មជាតិ ដែលបង្កឱ្យមានការឈឺចាប់ និងដាច់រហែកស្បែកស្ដើងក្នុងពេលរួមភេទ។
ដើម្បីរក្សាកម្ដៅស្នេហាឱ្យមានសុវត្ថិភាព អ្នកជំនាញណែនាំឱ្យទទួលទានទឹកឱ្យបានច្រើន រក្សាបរិស្ថានបន្ទប់ឱ្យត្រជាក់ និងជ្រើសរើសពេលវេលាសមស្របនៅពេលដែលរាងកាយមានភាពស្រស់ស្រាយបំផុត៕