យោងតាមការចុះផ្សាយពីប្រភពរទេស នៅក្នុងចំណោមគ្រឿងក្នុងជ្រូកទាំងអស់ បេះដូងត្រូវបានចាត់ទុកជា «មជ្ឈមណ្ឌលថាមពល» ដែលមានតម្លៃបំផុត ដោយសារជ្រូកមួយក្បាលមានបេះដូងតែមួយគត់ដែលមានទម្ងន់ត្រឹម ៣០០ ទៅ ៥០០ ក្រាមប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យផ្នែកនេះពិសេសខុសពីសាច់ធម្មតា គឺវាសម្បូរទៅដោយ «ប្រូតេអ៊ីនសាច់ដុំបេះដូង» និងសមាសធាតុដែលជួយឱ្យសាច់ដុំបេះដូងមនុស្សដើរបានល្អ បូមឈាមបានខ្លាំង និងរក្សាសរសៃឈាមឱ្យមានភាពយឺតដិត ជៀសផុតពីការខូចខាត។
ក្រៅពីជំនួយបេះដូង វីតាមីន B12 ដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានក្នុងបេះដូងជ្រូក ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកោសិកាសរសៃប្រសាទ បង្កើនការផ្ដោតអារម្មណ៍ និងកាត់បន្ថយអាការៈភ្លេចភ្លាំងសម្រាប់អ្នកដែលប្រើប្រាស់ខួរក្បាលខ្លាំងជារៀងរាល់ថ្ងៃ។
តាមក្បួនពេទ្យបុរាណ ការទទួលទានបេះដូងជ្រូកជួយរំងាប់អារម្មណ៍ កាត់បន្ថយអាការៈភ័យខ្លាច បេះដូងលោតញាប់ និងជួយឱ្យអ្នកដែលពិបាកគេងអាចគេងលក់បានស្កប់ស្កល់។ ជាមួយគ្នានេះ សារធាតុស័ង្កសី និងសេលេញ៉ូមដែលមានក្នុងបេះដូងជ្រូក ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយឱ្យស្បែកតឹងណែនកាត់បន្ថយស្នាមជ្រួញបានយ៉ាងប្រសើរ។
ដើម្បីទទួលបានគុណប្រយោជន៍ខ្ពស់បំផុត អ្នកគួរជ្រើសរើសបេះដូងដែលមានពណ៌ក្រហមស្រស់ លាងសម្អាតឈាមកកឱ្យបានស្អាត រួចយកទៅចំហុយ ឬស្ងោរជាមួយគ្រាប់ឈូក និងប៉ោមក្រហមដើម្បីរក្សាសារធាតុចិញ្ចឹម។ ទោះជាយ៉ាងណា អ្នកដែលមានជំងឺហ្គោដ ឬលើសខ្លាញ់ក្នុងឈាមគួរទទួលទានក្នុងបរិមាណតិចតួច ហើយមនុស្សទូទៅគួរញ៉ាំត្រឹមតែ ១ ទៅ ២ ដងក្នុងមួយខែ ដើម្បីធានាតុល្យភាពសុខភាពបានល្អបំផុត៕