យោងតាមការចុះផ្សាយពីប្រភពរទេស ជាតិប៉ូតាស្យូមគឺជាសារធាតុអេឡិចត្រូឡីតដ៏សំខាន់ដែលជួយរក្សាចង្វាក់បេះដូង សម្រួលដល់ប្រព័ន្ធសរសៃប្រសាទ និងជួយជំរុញការបញ្ចេញជាតិប្រៃដែលលើសចេញពីរាងកាយ ដើម្បីការពារជំងឺសរសៃឈាមបេះដូងយ៉ាងមានប្រសិទ្ធភាព។
មនុស្សភាគច្រើនតែងគិតដល់ផ្លែចេកនៅពេលចង់បំពេញជាតិប៉ូតាស្យូម ប៉ុន្តែតាមពិតទៅ បន្លែដែលយើងជួបប្រទះក្នុងផ្ទះបាយជារៀងរាល់ថ្ងៃ ក៏សម្បូរជាតិរ៉ែប្រភេទនេះលើសពីការស្មានផងដែរ។ ក្នុងនោះស្ពៃពួយឡេងត្រូវបានចាត់ទុកជាតារាឆ្នើមក្នុងចំណោមបន្លែបៃតង ដែលមិនត្រឹមតែសម្បូរជាតិប៉ូតាស្យូមខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្បូរវីតាមីន A និង C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងថែរក្សាសុខភាពភ្នែកឱ្យបានល្អប្រសើរ។
បន្ថែមពីនេះ ផ្សិតចំបើងដែលជាអាហារពេញនិយម ក៏ជាប្រភពនៃជាតិប៉ូតាស្យូម និងជាតិសរសៃដ៏អស្ចារ្យដែលជួយជំរុញប្រព័ន្ធរំលាយអាហារ និងការពារអាការៈទល់លាមកបានយ៉ាងពូកែ ជាពិសេសសម្រាប់មនុស្សវ័យកណ្ដាល។ ចំណែកឯសារាយសមុទ្រវិញ គឺជាកំពូលអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់បំផុត ដែលជួយដល់ដំណើរការក្រពេញទីរ៉ូអ៊ីត និងពង្រឹងសុខភាពទូទៅឱ្យរឹងមាំ។ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា អ្នកគួរចម្អិនបន្លែទាំងនេះដោយមិនប្រើកម្ដៅខ្លាំងពេកដើម្បីរក្សាសារធាតុចិញ្ចឹម ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាតម្រងនោម គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន ដើម្បីធានាថាការទទួលទានជាតិប៉ូតាស្យូមក្នុងកម្រិតខ្ពស់មិនបង្កផលប៉ះពាល់ដល់សុខភាព៕