យោងតាមការចុះផ្សាយពីប្រភពបរទេស ការបន្ថែមប្រូតេអ៊ីនពីសាច់ត្រីយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍ គឺជាខែលការពាររាងកាយយ៉ាងរឹងមាំពីជំងឺបេះដូង និងការកកើតកោសិកាមហារីកដែលអ្នកគ្រប់គ្នាគួរយកចិត្តទុកដាក់។
ក្នុងចំណោមនោះ ត្រីធូណាគឺជាជម្រើសលេខមួយដែលមានជាតិអូមេហ្គា ៣ ខ្ពស់បំផុតជួយលាងសម្អាតសរសៃឈាម និងកាត់បន្ថយការរលាកក្នុងរាងកាយដែលជាឫសគល់នៃដុំសាច់មហារីក ខណៈដែលត្រីសាល់ម៉ុនសម្បូរទៅដោយសារធាតុដែលជួយការពារកោសិកាមិនឱ្យខូចខាត និងជួយរក្សាលំនឹងសម្ពាធឈាមបានយ៉ាងប្រសើរ។ បន្ថែមលើនេះ ត្រីធូណាខាងលិចដែលសម្បូរទៅដោយវីតាមីន D ពីធម្មជាតិ នឹងជួយឱ្យប្រព័ន្ធភាពស៊ាំកម្ចាត់កោសិកាបំប្លែងខ្លួនបានយ៉ាងរហ័ស រីឯត្រីសាឌីនដែលមានតម្លៃធូរថ្លៃវិញ គឺសម្បូរទៅដោយសារធាតុសម្រាប់ជួសជុល DNA ដែលខូចខាត និងជួយបង្ការមហារីកពោះវៀនធំបានយ៉ាងល្អប្រសើរ។
ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកគួរចម្អិនត្រីទាំងនេះដោយការខ ស្ងោរ ឬស្ទីមចំហុយ ហើយចៀសវាងការចៀនក្នុងប្រេងក្ដៅខ្លាំង ឬការអាំងឱ្យខ្លោចខ្មៅដែលនាំឱ្យបាត់បង់សារធាតុចិញ្ចឹម និងបង្កជាជាតិពុលវិញ។ ក្រៅពីរបបអាហារដែលមានសាច់ត្រីជាមូលដ្ឋាន លោកអ្នកគួរបន្ថែមការបរិភោគបន្លែអម្បូរស្ពៃ គ្រាប់ធញ្ញជាតិ និងផ្លែឈើឱ្យបានច្រើន រួមផ្សំជាមួយការហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃដើម្បីឱ្យឈាមរត់បានល្អ។ ការសម្រាកឱ្យបានគ្រប់គ្រាន់ និងការកាត់បន្ថយភាពតានតឹង ក៏ជាកត្តាសំខាន់ដែលមិនអាចខ្វះបានក្នុងការថែរក្សាប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ និងការពាររាងកាយពីជំងឺកាចសាហាវទាំងឡាយ។
ការរួមបញ្ចូលនូវទម្លាប់ល្អៗទាំងនេះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺជាការវិនិយោគដ៏ឆ្លាតវៃបំផុតសម្រាប់សុខភាព និងអាយុជីវិតយូរអង្វែងរបស់អ្នក និងមនុស្សជាទីស្រឡាញ់៕