យោងតាមការចុះផ្សាយពីប្រភពបរទេស ការការពារថ្លើមមិនចាំបាច់ចំណាយលុយលើអាហារបំប៉នថ្លៃៗឡើយ ប៉ុន្តែវាចាប់ផ្ដើមពីការកែប្រែទម្លាប់ញ៉ាំភេសជ្ជៈប្រចាំថ្ងៃដែលយើងធ្លាប់តែគិតថាមានសុវត្ថិភាព។
តាមការព្រមានរបស់អ្នកជំនាញសុវត្ថិភាពចំណីអាហារ និងទិន្នន័យស្រាវជ្រាវលើមនុស្សជាង ១២០,០០០ នាក់ បានរកឃើញការពិតដ៏គួរឱ្យភ្ញាក់ផ្អើលថា ការញ៉ាំភេសជ្ជៈដែលប្រើស្ករសិប្បនិម្មិត ឬភេសជ្ជៈដែលដាក់ស្លាកថាគ្មានជាតិស្ករត្រឹមតែ ១ កំប៉ុងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យជំងឺថ្លើមរុំខ្លាញ់រហូតដល់ ៦០% ដែលវាផ្ដល់ផលអាក្រក់ខ្លាំងជាងភេសជ្ជៈប្រើស្ករធម្មតាទៅទៀត។ ដើម្បីស្ដារមុខងារថ្លើមឱ្យប្រសើរឡើងវិញក្នុងរយៈពេលខ្លី អ្នកជំនាញណែនាំឱ្យអនុវត្តជំហានដំបូងដោយការប្តូរពីភេសជ្ជៈផ្អែមគ្រប់ប្រភេទមកញ៉ាំទឹកស្អាត តែគ្មានស្ករ ឬកាហ្វេខ្មៅវិញ ដែលការផ្លាស់ប្តូរនេះត្រឹមតែរយៈពេល ១ ខែ នឹងធ្វើឱ្យមុខងារថ្លើមមានភាពល្អប្រសើរឡើងវិញយ៉ាងច្បាស់ក្រែត ព្រោះថ្លើមលែងត្រូវរ៉ាប់រងបន្ទុកធ្ងន់ក្នុងការរំលាយជាតិស្ករចេញពីភេសជ្ជៈទាំងនោះ។
ជំហានបន្តមកទៀតគឺត្រូវកាត់បន្ថយការសេពគ្រឿងស្រវឹង និងភេសជ្ជៈប្រើស្ករសិប្បនិម្មិតឱ្យបានជាអតិបរមា ដោយសារស្រាបង្ខំឱ្យថ្លើមធ្វើការលើសកម្លាំងដើម្បីបន្សាបជាតិពុល រីឯស្ករសិប្បនិម្មិតគឺជាភ្នាក់ងារបង្កឱ្យមានការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងកោសិកាថ្លើមយ៉ាងសាហាវបំផុត។ ជំហានចុងក្រោយដែលជួយសម្រាលបន្ទុកថ្លើមបានយ៉ាងប្រសើរ គឺការស្វែងរកជាតិសរសៃ ពីក្នុងផ្ទះបាយតាមរយៈការញ៉ាំអាហារធម្មជាតិដូចជា ខ្ទឹមបារាំង ខ្ទឹមស ស្ពៃបារាំង និងស្រូវសាលី ព្រោះអាហារទាំងនេះមានផ្ទុកសារធាតុធម្មជាតិដែលជួយឱ្យបាក់តេរីក្នុងពោះវៀនបំបែកជាតិស្ករមួយផ្នែកធំមុនពេលវាទៅដល់ថ្លើម។
ការចាប់ផ្ដើមផ្លាស់ប្តូរទម្លាប់ញ៉ាំ និងជ្រើសរើសអាហារជំនួយពីធម្មជាតិទាំងនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ រឹងមាំ និងជៀសផុតពីជំងឺរ៉ាំរ៉ៃដោយមិនចាំបាច់ប្រើប្រាស់ថ្នាំបំប៉នថ្លៃៗឡើយ៕