យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងមានសម្ពាធផ្លូវចិត្ត និងចោទសួរខ្លួនឯងថា តើពួកគេរួមភេទ “បានច្រើនគ្រាន់” ដើម្បីរក្សាសុភមង្គលដែរឬទេ?
បើតាមការសិក្សាស្រាវជ្រាវខ្នាតធំពីសាកលវិទ្យាល័យ Washington បានបង្ហាញលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលថា គូស្នេហ៍ដែលមានសេចក្តីសុខបំផុត មិនមែនជាអ្នកដែលរួមភេទរាល់ថ្ងៃនោះទេ ប៉ុន្តែគឺជាអ្នកដែលធ្វើវា “យ៉ាងហោចណាស់ ១ ដងក្នុងមួយសប្តាហ៍”។ ការសិក្សាបានបញ្ជាក់ថា កម្រិតនៃក្ដីសុខនឹងកើនឡើងដល់ចំណុចកំពូលត្រឹមការរួមភេទ ១ ដងក្នុងមួយសប្តាហ៍ ហើយវានឹងចាប់ផ្ដើម “នៅទ្រឹង” ទោះបីជាអ្នកព្យាយាមបង្កើនចំនួនដងច្រើនជាងនេះក៏ដោយ ដែលនេះបញ្ជាក់ថាគុណភាពនៃការតភ្ជាប់ផ្លូវចិត្ត សំខាន់ជាងបរិមាណដងដែលបានអនុវត្ត។
អាថ៌កំបាំងសំខាន់បំផុតមួយដែលអ្នកជំនាញបានរកឃើញ គឺការឈប់រង់ចាំ “អារម្មណ៍ពុះកញ្ជ្រោល” ដែលកើតឡើងដោយឯកឯង ព្រោះនៅក្នុងទំនាក់ទំនងយូរអង្វែង ចំណង់ផ្លូវភេទច្រើនតែកើតឡើងក្រោយពេលមានការប៉ះពាល់រាងកាយ ឬការតភ្ជាប់អារម្មណ៍ជាមុនសិន។ ដូច្នេះ ការចេះរៀបចំពេលវេលាឡូជីខលសម្រាប់រឿងលើគ្រែ មិនមែនជារឿងខ្វះភាពរ៉ូមែនទិកនោះទេ ប៉ុន្តែវាគឺជាការផ្ដល់អាទិភាពដល់ដៃគូ ដូចទៅនឹងការណាត់ជួបគ្នាទៅញ៉ាំអី ឬការទៅហាត់ប្រាណដែរ។ ការបង្កើតបរិយាកាសកក់ក្ដៅតាមរយៈកាយវិការតូចតាចក្នុងជីវិតប្រចាំថ្ងៃដូចជា ការកាន់ដៃ ការឱប ឬការថើបនៅពេលត្រឡប់មកផ្ទះវិញ គឺជាគ្រឹះដ៏រឹងមាំដែលជួយឱ្យភ្លើងស្នេហ៍មិនងាយរលត់ និងកាត់បន្ថយសម្ពាធនៅពេលឈានដល់ចំណុចស្និទ្ធស្នាលពិតប្រាកដ។
លើសពីនេះ អ្វីដែលកើតឡើងនៅក្រៅបន្ទប់គេង ក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតផ្លូវភេទផងដែរ។ ការសិក្សាបានបង្ហាញថា គូស្វាមីភរិយាដែលចេះចែករំលែកការងារផ្ទះគ្នាដោយយុត្តិធម៌ តែងតែមានភាពចុះសម្រុងគ្នាក្នុងរឿងលើគ្រែខ្លាំងជាងគូដទៃ ព្រោះការជួយទុក្ខធុរៈគ្នាជួយកាត់បន្ថយភាពនឿយហត់ និងការថ្នាំងថ្នាក់ចិត្តដែលជាសត្រូវស៊ីរូងផ្ទៃក្នុងនៃចំណង់ផ្លូវភេទ។
សរុបមក ជីវិតសិចដ៏ល្អបំផុតមិនមែនអាស្រ័យលើតួលេខនៃចំនួនដង ឬភាពល្អឥតខ្ចោះនៃបច្ចេកទេសឡើយ ប៉ុន្តែវាអាស្រ័យលើការចេះម្ចាស់ការលើអារម្មណ៍ ការតភ្ជាប់ផ្លូវចិត្ត និងការចេះដឹងគុណចំពោះអ្វីដែលដៃគូបានលះបង់ដើម្បីគ្នាទៅវិញទៅមកក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕