យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសវ័យក្មេងជាច្រើនកំពុងជួបបញ្ហាចុះខ្សោយសមត្ថភាព និងគុណភាពមេជីវិតអន់ថយដោយមិនដឹងខ្លួន ដោយសារតែរបៀបរស់នៅប្រចាំថ្ងៃ ជាពិសេសគឺទម្លាប់អង្គុយធ្វើការយូរហួសកម្រិតដែលធ្វើឱ្យតំបន់កេរ្តិ៍ខ្មាស់ឡើងកម្ដៅខ្លាំង និងគ្មានខ្យល់ចេញចូលត្រឹមត្រូវ។
បើតាមអ្នកជំនាញសុខភាព មេជីវិតឈ្មោលត្រូវការសីតុណ្ហភាពទាបជាងសីតុណ្ហភាពរាងកាយប្រហែល ២ ទៅ ៣ អង្សាសេដើម្បីលូតលាស់បានល្អ ប៉ុន្តែការអង្គុយយូរបានបង្កឱ្យចរន្តឈាមរត់យឺត និងប៉ះពាល់ដល់ការផលិតអ័រម៉ូនដែលជាហេតុនាំឱ្យថយចុះនូវចំណង់ និងភាពធន់ក្នុងរឿងលើគ្រែយ៉ាងខ្លាំង។ ក្រៅពីការអង្គុយយូរ បុរសគួរប្រុងប្រយ័ត្នខ្ពស់ចំពោះទម្លាប់អាក្រក់ដែលបំផ្លាញមេជីវិតយ៉ាងសាហាវ រួមមានការបណ្តោយឱ្យតំបន់កេរ្តិ៍ខ្មាសប៉ះនឹងកម្ដៅខ្លាំងដូចជាការដាក់កុំព្យូទ័រលើភ្លៅ ការលើសទម្ងន់ដែលធ្វើឱ្យអ័រម៉ូនបុរសប្រែប្រួល និងការប្រើប្រាស់បារីឬគ្រឿងស្រវឹងដែលបំផ្លាញដល់សុខភាពមេជីវិតពីចម្ងាយ។
បន្ថែមលើនេះ ទម្លាប់ចូលគេងយប់ជ្រៅដែលធ្វើឱ្យការផលិតអ័រម៉ូនបុរសធ្លាក់ចុះ ការស្លៀកខោតឹងណែនពេកបង្កឱ្យឡើងកម្ដៅ និងការរស់នៅក្រោមសម្ពាធផ្លូវចិត្តរ៉ាំរ៉ៃសុទ្ធតែជាសត្រូវស៊ីរូងផ្ទៃក្នុងដែលធ្វើឱ្យអ្នកបាត់បង់ភាពជឿជាក់ និងសមត្ថភាពរាងកាយយ៉ាងឆាប់រហ័សបំផុត។ ដើម្បីរក្សាសុខភាពឱ្យបានរឹងមាំយូរអង្វែង អ្នកជំនាញណែនាំឱ្យបុរសគ្រប់រូបផ្លាស់ប្តូរមកទទួលទានរបបអាហារដែលមានតុល្យភាព ចៀសវាងការបរិភោគសណ្ដែកសៀងច្រើនជ្រុលដែលនាំឱ្យរំខានអ័រម៉ូនបុរស និងត្រូវបង្កើតទម្លាប់ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីជួយឱ្យចរន្តឈាមរត់បានល្អទូទាំងរាងកាយ។
ការយល់ដឹងពីសញ្ញាព្រមានពីរាងកាយ និងការសម្រេចចិត្តកែប្រែទម្លាប់រស់នៅឱ្យមានសុខភាពល្អ មិនត្រឹមតែជួយឱ្យមេជីវិតមានគុណភាពខ្ពស់សម្រាប់បង្កកំណើតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាខែលការពារភាពរឹងមាំ និងសុភមង្គលក្នុងជីវិតឯកជនរបស់អ្នកឱ្យស្ថិតស្ថេរគង់វង្សទោះបីជាស្ថិតក្នុងវ័យណាក៏ដោយ៕