យោងតាមការចុះផ្សាយពីប្រភពរទេស ក្រចកជើងមិនមែនគ្រាន់តែជាផ្នែកតូចមួយនៃរាងកាយនោះទេ ប៉ុន្តែវាគឺជាអ្នករាយការណ៍ដ៏ស្មោះត្រង់អំពីស្ថានភាពសុខភាពខាងក្នុង ជាពិសេសគឺជំងឺមហារីកស្បែកដ៏កាចសាហាវ។
សញ្ញាគ្រោះថ្នាក់បំផុតដែលត្រូវប្រុងប្រយ័ត្នគឺវត្តមានឆ្នូតខ្មៅ ឬត្នោតដិតរត់បណ្តោយក្រចក ដែលអាចជាតម្រុយនៃជំងឺមហារីកស្បែកក្រោមក្រចក ប្រសិនបើវាមានការរីករាលដាលលឿន។ បន្ថែមពីនេះ ការប្រែពណ៌ក្រចកទៅជាលឿង និងក្រាស់ អាចបញ្ជាក់ពីការឆ្លងមេរោគផ្សិត ឬជំងឺសើស្បែក ខណៈដែលស្នាមអុជស ឬឆ្នូតសលើក្រចក អាចជាសញ្ញានៃការខ្វះជាតិដែក ស័ង្កសី ឬមានបញ្ហាថ្លើម និងទឹកនោមផ្អែម។
លើសពីនេះ ប្រសិនបើក្រចកជើងមានរាងផតចូលក្នុងដូចស្លាបព្រា វាគឺជាការព្រមានច្បាស់ៗអំពីបញ្ហាខ្វះឈាមយ៉ាងធ្ងន់ធ្ងរ ចំណែកឯអាការៈមេជើងហើម និងឈឺចុកចាប់ខ្លាំង គឺជាសញ្ញានៃជំងឺហ្គោដដែលបណ្ដាលមកពីការលើសអាស៊ីតអ៊ុយរិក។ អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺដំបៅចន្លោះម្រាមជើងដែលក្រជាសះស្បើយ ដែលអាចឈានដល់ការកាត់អវយវៈចំពោះអ្នកជំងឺទឹកនោមផ្អែមប្រសិនបើធ្វេសប្រហែស។
ការចំណាយពេលត្រឹមប៉ុន្មាននាទីដើម្បីសង្កេតមើលភាពមិនធម្មតានៃម្រាមជើង គឺជាវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការស្វែងរកជំងឺបង្កប់ និងព្យាបាលបានទាន់ពេលវេលាបំផុត៕