យោងតាមការចុះផ្សាយពីប្រភពរទេស មហារីកពោះវៀនធំត្រូវបានគេប្រសិទ្ធនាមថាជាជំងឺដ៏គួរឱ្យខ្លាចបំផុតមួយ ព្រោះវាតែងតែលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅដំណាក់កាលដំបូង និងងាយធ្វើឱ្យអ្នកជំងឺច្រឡំជាមួយបញ្ហាក្រពះពោះវៀនទូទៅ។
ការប្រែប្រួលទម្លាប់បន្ទោបង់ដែលអូសបន្លាយពេលយូរ ដូចជាការទល់លាមក រាក ឬអារម្មណ៍ថាបន្ទោបង់មិនអស់ គឺជាសញ្ញាដំបូងដែលមិនគួររំលង។ ជាពិសេស ប្រសិនបើលាមកស្រាប់តែប្រែជាមានទំហំតូចឆ្មារដូចដងខ្មៅដៃ នោះវាអាចមកពីដុំសាច់កំពុងរាំងស្ទះ និងធ្វើឱ្យផ្លូវដើរនៃលាមកក្នុងពោះវៀនធំរួមតូច។
ក្រៅពីការប្រែប្រួលរូបរាងលាមក វត្តមានឈាមក្នុងលាមកមិនថាពណ៌ក្រហមស្រស់ ឬក្រហមក្រម៉ៅ សុទ្ធតែជាសញ្ញាអាសន្នដែលត្រូវការការពិនិត្យវេជ្ជសាស្ត្រជាប្រញាប់។ ជាមួយគ្នានេះ អាការៈហើមពោះខ្លាំង ឈឺរមួលក្នុងពោះជាប្រចាំ ឬការស្រកទម្ងន់ខុសធម្មតាដោយមិនដឹងមូលហេតុ ក៏ជាតម្រុយនៃមហន្តរាយសុខភាពនេះដែរ។ ចំណុចដែលគួរឱ្យបារម្ភបំផុតនោះគឺ ការហូរឈាមតិចៗក្នុងពោះវៀនដែលមើលមិនឃើញនឹងភ្នែក អាចបណ្ដាលឱ្យរាងកាយខ្វះជាតិដែក ធ្វើឱ្យអ្នកជំងឺមានអាការៈស្លេកស្លាំង អស់កម្លាំងល្វើយ និងហត់ដង្ហក់ខុសពីធម្មតា។
ការយកចិត្តទុកដាក់លើសញ្ញាព្រមានតូចតាចទាំងនេះ និងការជៀសវាងការអៀនខ្មាសក្នុងការពិភាក្សាជាមួយគ្រូពេទ្យ គឺជាគន្លឹះតែមួយគត់ដើម្បីសង្គ្រោះជីវិតពីជំងឺមហារីកដ៏កាចសាហាវមួយនេះ៕