យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារយៈពេល ២ ទសវត្សរ៍លើបុរសជិត ៣២,០០០ នាក់ ដែលចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ European Urology បានទម្លាយឱ្យឃើញថា ភាពញឹកញាប់នៃការរួមភេទ ឬការបញ្ចេញទឹកកាម មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយការកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។
លទ្ធផលស្រាវជ្រាវបង្ហាញថា បុរសដែលបញ្ចេញទឹកកាមយ៉ាងតិច ២១ ដងក្នុងមួយខែ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានរហូតដល់ ២០% បើធៀបនឹងអ្នកដែលបញ្ចេញត្រឹម ៤ ទៅ ៧ ដងក្នុងមួយខែ។
មូលហេតុចម្បងនៃអត្ថប្រយោជន៍នេះ គឺការបញ្ចេញទឹកកាមប្រៀបដូចជាការ “បោសសម្អាត” ក្រពេញប្រូស្តាត ដោយវាជួយជម្រះចោលនូវសារធាតុបង្កគ្រោះថ្នាក់ផ្សេងៗដែលកកស្ទះនៅក្នុងនោះតាមពេលវេលា។ ក្រៅពីការការពារមហារីក ការរួមភេទជាទៀងទាត់ក៏ផ្តល់ផលចំណេញច្រើនទៀតដល់រាងកាយ ដូចជាការជួយឱ្យប្រព័ន្ធបេះដូងដំណើរការល្អ (ប្រៀបដូចជាការហាត់ប្រាណ) ការបញ្ចេញអ័រម៉ូនដូប៉ាមីន និងអង់ដូហ្វីនដែលជួយកាត់បន្ថយស្ត្រេស បំបាត់ការឈឺក្បាល និងជួយឱ្យគេងលក់ស្រួល។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា សកម្មភាពលើគ្រែគ្រាន់តែជាផ្នែកមួយនៃរបៀបរស់នៅប្រកបដោយសុខភាពល្អប៉ុណ្ណោះ។ ដើម្បីការពារសុខភាពឱ្យបានពេញលេញ បុរសៗគួរតែរួមបញ្ចូលនូវការទទួលទានអាហារដែលមានតុល្យភាព ការហាត់ប្រាណឱ្យបានទៀងទាត់ និងសំខាន់បំផុតគឺការទៅពិនិត្យសុខភាពតាមកាលកំណត់ ដើម្បីតាមដាន និងបង្ការជំងឺតាំងពីដំណាក់កាលដំបូង៕