យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ Tufts (សហរដ្ឋអាម៉េរិក) បានបង្ហាញថា វីតាមីន D មិនត្រឹមតែជួយដល់ឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ រហូតដល់ ១៩% ចំពោះមនុស្សភាគច្រើន។
តាមរយៈការពិសោធលើអ្នកដែលមានសញ្ញា «មុនជំងឺទឹកនោមផ្អែម» ជាង ២,០០០ នាក់ អ្នកវិទ្យាសាស្ត្របានរកឃើញថា វីតាមីន D ជួយឱ្យកោសិកាលំពែងផលិតអាំងស៊ុយលីនបានកាន់តែប្រសើរ ដើម្បីត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម។ ទោះជាយ៉ាងណា ប្រសិទ្ធភាពនេះអាស្រ័យទៅលើសេនេទិចបុគ្គលម្នាក់ៗ ដោយមនុស្សប្រហែល ៧០% នៃចំនួនប្រជាជនសរុប ទទួលបានផលចំណេញខ្ពស់ពីវីតាមីននេះ ខណៈ ៣០% ទៀតមិនសូវទទួលបានផលឡើយ។
ដើម្បីទទួលបានវីតាមីន D ដោយសុវត្ថិភាព និងប្រសិទ្ធភាព អ្នកជំនាញមិនណែនាំឱ្យប្រើប្រាស់ថ្នាំបំប៉នកម្រិតខ្ពស់ដោយខ្លួនឯងឡើយ ប៉ុន្តែគួរងាកមកអនុវត្តវិធីសាស្ត្រធម្មជាតិវិញ។ ការប៉ះកម្ដៅថ្ងៃក្នុងកម្រិតសមល្មម និងការជ្រើសរើសអាហារដែលសម្បូរវីតាមីន D ដូចជា ត្រីសមុទ្រ (ត្រីសាល់ម៉ុន ត្រីធូណា) ស៊ុត ផ្សិត និងប្រេងថ្លើមត្រី គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពាររាងកាយពីជំងឺទឹកនោមផ្អែម។ ការផ្លាស់ប្តូររបបអាហារ និងការទទួលបានពន្លឺព្រះអាទិត្យ គឺជាវិធីសាស្ត្រសាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់សម្រាប់សុខភាពយូរអង្វែង៕