យោងតាមការចុះផ្សាយពីប្រភពបរទេស សេចក្ដីសុខនៅវ័យចំណាស់មិនមែនជាព្រេងវាសនាដែលធ្លាក់ពីលើមេឃឡើយ ប៉ុន្តែជាលទ្ធផលនៃការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់តាំងពីវ័យក្មេង។
អ្នកដែលមានជីវិតរស់នៅយ៉ាងស្ងប់សុខ និងមានកិត្តិយសនៅវ័យជ្រេ តែងផ្ដោតលើការថែរក្សា «សុខភាព» ជាអាទិភាពបំផុត ព្រោះរាងកាយមាំមួនគឺជាទ្រព្យសម្បត្តិដែលមិនអាចទិញបានដោយប្រាក់កាស និងជួយឱ្យយើងមិនក្លាយជាបន្ទុករបស់កូនចៅ។ ទន្ទឹមនឹងនោះ «ឯករាជ្យភាពហិរញ្ញវត្ថុ» តាមរយៈការសន្សំ និងវិនិយោគតាំងពីវ័យធ្វើការ គឺជាអាវក្រោះការពារសេចក្ដីថ្លៃថ្នូរ ដែលអនុញ្ញាតឱ្យយើងមានសេរីភាពក្នុងការរស់នៅដោយមិនបាច់មើលទឹកមុខអ្នកដទៃ។
ចំណុចចុងក្រោយដែលសំខាន់បំផុត គឺការ «សម្អាតផ្លូវចិត្ត» ដោយការលះបង់ទំនាក់ទំនងដែលគ្មានប្រយោជន៍ រៀនរស់នៅដោយចិត្តមេត្តា និងស្វែងរកសេចក្ដីសុខផ្លូវចិត្តតាមរយៈចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ ការវិនិយោគលើរឿងទាំង ៣ នេះ តាំងពីអាយុ ៣០ ឆ្នាំ គឺជាគន្លឹះនាំទៅរកជីវិតចំណាស់មួយដែលពោរពេញដោយភាពរឹងមាំ សេរីភាព និងសន្តិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ៕