យោងតាមការចុះផ្សាយពីប្រភពបរទេស ការងូតទឹកយប់មិនមែនជាមូលហេតុបង្កឱ្យដាច់សរសៃឈាមខួរក្បាលចំពោះអ្នកមានសុខភាពល្អនោះទេ ប៉ុន្តែវាអាចក្លាយជាគ្រោះថ្នាក់សម្រាប់អ្នកមានជំងឺប្រចាំកាយដូចជា លើសសម្ពាធឈាម ជំងឺបេះដូង អ្នកធ្លាប់មានប្រវត្តិ Stroke និងមនុស្សចាស់ជរា។
ហានិភ័យពិតប្រាកដកើតចេញពីការប្រែប្រួលសីតុណ្ហភាពទឹកភ្លាមៗ ដែលធ្វើឱ្យសរសៃឈាមរួញ ឬរីកខ្លាំង បង្កជាការឡើងចុះសម្ពាធឈាមខុសធម្មតា រហូតឈានដល់ការដួលសន្លប់ ឬដាច់សរសៃឈាមក្នុងខួរក្បាល។ ដើម្បីសុវត្ថិភាព អ្នកគួរងូតទឹកក្ដៅឧណ្ហៗក្នុងរយៈពេលខ្លី ចៀសវាងការងូតទឹកពេលស្រវឹងស្រា ឬអស់កម្លាំងខ្លាំង និងត្រូវផ្សើមរាងកាយពីដៃជើងឡើងទៅមុននឹងស្រោចទឹកលើក្បាល ដើម្បីឱ្យរាងកាយស៊ាំនឹងសីតុណ្ហភាព។
អ្វីដែលសំខាន់បំផុតគឺការគ្រប់គ្រងជំងឺប្រចាំកាយឱ្យបានល្អ ព្រោះការដួលក្នុងបន្ទប់ទឹកភាគច្រើនគឺជាលទ្ធផលនៃសុខភាពចុះខ្សោយស្រាប់ រួមផ្សំនឹងការងូតទឹកខុសបច្ចេកទេសតែប៉ុណ្ណោះ៕