យោងតាមការចុះផ្សាយពីប្រភពបរទេស មិនចាំបាច់ចំណាយលើអាហារបំប៉នថ្លៃៗនោះទេ ត្រឹមតែ «ចេក និងល្ហុង» ដែលជាផ្លែឈើងាយរកបំផុតក្នុងប្រទេសកម្ពុជា គឺជាជំនួយការដ៏ពូកែក្នុងការថែរក្សាសុខភាពបុរស តាំងពីប្រព័ន្ធបេះដូង រហូតដល់ប្រព័ន្ធរំលាយអាហារ។
ចេក គឺជាប្រភពនៃជាតិប៉ូតាស្យូមខ្ពស់ ដែលជួយសម្រួលសម្ពាធឈាម និងតុល្យភាពជាតិប្រៃក្នុងរាងកាយ ជាពិសេសសម្រាប់បុរសដែលចូលចិត្តញ៉ាំអាហាររសជាតិប្រៃ និងមិនសូវហាត់ប្រាណ។ ក្រៅពីនេះ វីតាមីន B6 ក្នុងផ្លែចេក ជួយកាត់បន្ថយភាពនឿយហត់ និងបង្កើនថាមពលសម្រាប់អ្នកធ្វើការងារធ្ងន់។ ចំណែកឯល្ហុងវិញ មានអង់ស៊ីមជួយបំបែកជាតិប្រូតេអ៊ីន សម្រួលដល់ការរំលាយអាហារបានយ៉ាងល្អក្រោយពេលញ៉ាំសាច់ច្រើន។ លើសពីនេះ ជាតិនិងវីតាមីន C ក្នុងល្ហុង ក៏ជួយប្រឆាំងរ៉ាឌីកាល់សេរី និងកាត់បន្ថយភាពស្ត្រេសពីការរស់នៅផងដែរ។
អ្វីដែលកាន់តែពិសេសនោះ ផ្លែឈើទាំងពីរប្រភេទនេះត្រូវបានចាត់ទុកថាជា «ផ្លែឈើស្អាត» ព្រោះចេកមានសំបកក្រាស់ការពារជាតិគីមី ចំណែកល្ហុងជាផ្លែឈើតាមរដូវកាលដែលមិនត្រូវការការរក្សាទុកដោយប្រើថ្នាំយូរអង្វែង។ ការបង្កើតទម្លាប់ញ៉ាំចេកនៅពេលព្រឹក និងល្ហុងបន្ទាប់ពីបាយរួច គឺជាវិធីសាស្ត្រដ៏សាមញ្ញ តែអាចជួយកសាងសុខភាពឱ្យរឹងមាំ និងមានស្ថិរភាពយូរអង្វែងសម្រាប់សុភាពបុរសគ្រប់រូប៕