យោងតាមការចុះផ្សាយពីប្រភពបរទេស រដូវក្ដៅគឺជាពេលដែលផ្លែឈើហូរហៀរផ្សារ ប៉ុន្តែក៏ជាពេលដែលសត្វល្អិត និងមេរោគផ្សិតរីកដុះដាលខ្លាំង ដែលធ្វើឱ្យផ្លែឈើមួយចំនួនដូចជា ស្ត្រប៊ឺរី ទំពាំងបាយជូរ ផ្លែប៉េស ផ្លែព្រូន និងស្វាយ ងាយប្រឈមនឹងការប្រើប្រាស់ថ្នាំកសិកម្មលើសកម្រិតដើម្បីការពារទិន្នផល។
ស្ត្រប៊ឺរី និងទំពាំងបាយជូរ ស្ថិតក្នុងចំណាត់ថ្នាក់គ្រោះថ្នាក់ជាងគេដោយសារសំបកស្ដើង និងលក្ខណៈដុះជាចង្កោមដែលងាយជាប់សំណល់ជាតិពុលបានយូរ។ ដើម្បីការពារសុខភាពគ្រួសារ លោកអ្នកមិនគួរជ្រើសរើសផ្លែឈើដែលមើលទៅមានរាងរលោងស្អាត ឬមានពណ៌ក្រហមឆ្អៅខុសធម្មតានោះទេ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់លើការលាងសម្អាត។
វិធីសាស្ត្រដែលល្អបំផុតគឺត្រូវលាងផ្លែឈើក្រោមទឹកដែលកំពុងហូរយឺតៗ រួចត្រាំក្នុងទឹកស្អាតប្រហែល ១០ ទៅ ១៥ នាទី បន្ទាប់មកលាងជម្រះម្ដងទៀតឱ្យបានហ្មត់ចត់។ ការយល់ដឹងពីប្រភពទិញដូរដែលច្បាស់លាស់ និងការលាងសម្អាតឱ្យត្រូវបច្ចេកទេស គឺជាខែលការពារដ៏រឹងមាំដើម្បីជៀសផុតពីការញ៉ាំជាតិពុលចូលក្នុងរាងកាយដោយមិនដឹងខ្លួន៕