មនុស្សភាគច្រើនតែងតែយល់ថា លុះត្រាតែមានពេលរាប់ម៉ោងទើបអាចហាត់ប្រាណបានផល ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលថា៖ «ការហាត់ប្រាណត្រឹមតែ ១៥ នាទីក្នុងមួយថ្ងៃ គឺជាការវិនិយោគដ៏ចំណេញបំផុតសម្រាប់ជីវិត ដែលអាចជួយពន្យារអាយុយឺនយូរបានរហូតដល់ ១០ ឆ្នាំ»។
តើហេតុអ្វីបានជាពេលវេលាដ៏ខ្លីនេះ មានឥទ្ធិពលខ្លាំងក្លាបែបនេះ? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មហាសាលដែលអ្នកនឹងទទួលបាន៖
១. បង្កើនមន្តអាគមដល់បេះដូង និងសរសៃឈាម
ត្រឹមតែ១៥ នាទី នៃការធ្វើចលនាដែលធ្វើឱ្យបេះដូងលោតញាប់ជាងមុន វានឹងជួយឱ្យរបត់ឈាមរត់បានស្រួល និងកាត់បន្ថយសម្ពាធឈាម។ យន្តការនេះជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងការដាច់សរសៃឈាមខួរក្បាល ដែលជាមូលហេតុចម្បងនៃមរណភាពមុនវ័យ។
២. បញ្ឆេះម៉ាស៊ីនដុតរំលាយអាហារ
ការហាត់ប្រាណទៀងទាត់ ទោះក្នុងរយៈពេលខ្លី ក៏អាចជួយឱ្យរាងកាយដុតបំរ៉ាស់ជាតិស្ករ និងជាតិខ្លាញ់បានល្អជាងមុន។ វាជួយការពារអ្នកពីជំងឺទឹកនោមផ្អែមប្រភេទទី២ និងបញ្ហាលើសទម្ងន់ ដែលជាសត្រូវបំផ្លាញអាយុជីវិត។
៣. ពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ
នៅពេលអ្នកធ្វើចលនា កោសិកាការពាររាងកាយនឹងធ្វើចលនាកាន់តែរហ័សក្នុងឈាម ដើម្បីស្វែងរក និងកម្ចាត់មេរោគ ឬកោសិកាមិនធម្មតា (ដូចជាកោសិកាមហារីកជាដើម)។ មនុស្សដែលហាត់ប្រាណរាល់ថ្ងៃ តែងតែមានសុខភាពល្អ និងមិនងាយឈឺថ្កាត់ផ្ដេសផ្ដាស។
៤. សុខភាពផ្លូវចិត្ត៖ ថ្នាំទិព្វនៃភាពក្មេងជាងវ័យ
ការហាត់ប្រាណបញ្ចេញសារធាតុ Endorphins ដែលជា «អ័រម៉ូនសប្បាយចិត្ត»។ វាជួយកាត់បន្ថយស្រ្តេស និងភាពតានតឹង ដែលជាកត្តាធ្វើឱ្យកោសិកាមនុស្សចាស់ជាងអាយុ។ កាលណាស្មារតីស្រស់ថ្លា រាងកាយក៏វិវត្តទៅរកភាពក្មេងជាងវ័យផងដែរ។
តើគួរហាត់អ្វីខ្លះក្នុងរយៈពេល១៥ នាទី?
អ្នកមិនចាំបាច់មានឧបករណ៍ស្មុគស្មាញនោះទេ៖
–ដើរលឿនៗ៖ ជួយដល់សន្លាក់ និងបេះដូង។
–រត់ត្រឹកៗ៖ ជួយដុតបំផ្លាញថាមពលបានរហ័ស។
–យោហ្គា (Yoga) ឬពត់ខ្លួន៖ ជួយឱ្យសរសៃសាច់ដុំយឺតយារ និងរឹងមាំ។
–ការឡើងចុះជណ្តើរ៖ ជាការហាត់ប្រាណបែបកម្លាំងខ្លាំងដែលចំណាយពេលតិចតែបានផលច្រើន។
អាថ៌កំបាំងមិនមែននៅត្រង់ថា «ហាត់ខ្លាំងប៉ុណ្ណា» នោះទេ តែស្ថិតនៅលើ «ភាពទៀងទាត់» ។ ការហាត់ប្រាណ ១៥ នាទីរាល់ថ្ងៃ មានតម្លៃជាងការហាត់ប្រាណ ៣ ម៉ោងតែម្ដងក្នុងមួយសប្តាហ៍។ កុំចាំទាល់តែមានពេលទំនេរ ទើបហាត់ប្រាណ តែត្រូវឆ្លៀតពេលដើម្បីសុខភាពរបស់អ្នក។ អាយុយឺនយូរ និងសុភមង្គល ស្ថិតនៅក្នុងជម្រើស ១៥ នាទីរបស់អ្នកនៅថ្ងៃនេះ!៕