ការឈឺក្បាល ជាអាការៈទូទៅមួយដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ ប៉ុន្តែប្រសិនបើវាប្រែជា «រ៉ាំរ៉ៃ» ឬឈឺខ្លាំងខុសពីធម្មតា វាលែងជារឿងតូចតាចទៀតហើយ។ វាក៏អាចជា «សារព្រមាន» ពីរាងកាយអំពីបញ្ហាសុខភាពធ្ងន់ធ្ងរដែលកំពុងលាក់ខ្លួន។
ខាងក្រោមនេះគឺជាមូលហេតុ និងសញ្ញាគ្រោះថ្នាក់ដែលអ្នកមិនគួរមើលរំលង៖
១. មូលហេតុបង្កដែលដេកមិនលក់ បេះដូងមិនស្ងប់
ការឈឺក្បាលរ៉ាំរ៉ៃ អាចបណ្ដាលមកពីជំងឺបង្កប់ជាច្រើនដូចជា៖
–ជំងឺលើសឈាម៖ សម្ពាធឈាមខ្ពស់ខ្លាំងធ្វើឱ្យសរសៃឈាមក្នុងខួរក្បាលឡើងតឹង ដែលបង្កឱ្យឈឺក្បាលខ្ទោកៗ។
–ដុំសាច់ក្នុងខួរក្បាល៖ ការរីកលូតលាស់នៃដុំសាច់ បង្កើតសម្ពាធដល់កោសិកាខួរក្បាល ធ្វើឱ្យឈឺក្បាលខ្លាំង ជាពិសេសនៅពេលព្រឹកព្រលឹម។
–បញ្ហាសរសៃឈាមខួរក្បាល៖ ការប៉ោង ឬស្ទះសរសៃឈាម ដែលអាចឈានទៅរកការដាច់សរសៃឈាមខួរក្បាល (Stroke)។
–ជំងឺបាក់ទឹកចិត្ត និងស្រ្តេសកម្រិតធ្ងន់៖ មិនមែនមានតែជំងឺសរីរាង្គទេ សុខភាពផ្លូវចិត្តក៏អាចបង្កឱ្យមានការឈឺក្បាលរ៉ាំរ៉ៃដូចគ្នា។
២. សញ្ញា «អាសន្ន» ដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់
ប្រសិនបើការឈឺក្បាលរបស់អ្នក អមមកជាមួយសញ្ញាទាំងនេះ ចូរប្រញាប់ទៅមន្ទីរពេទ្យភ្លាម៖
–ឈឺភ្លាមៗដូចរន្ទះបាញ់៖ ឈឺខ្លាំងបំផុតក្នុងជីវិតដែលមិនធ្លាប់មានពីមុនមក។
–មានបញ្ហាភ្នែក៖ ស្រវាំងភ្នែក មើលឃើញរូបភាពបែកជាពីរ ឬងងឹតមួយចំហៀង។
–ទន់ដៃជើង៖ មានអារម្មណ៍ថាស្ពឹកមុខ វៀចមាត់ ឬទន់ដៃជើងម្ខាងៗ។
–មានអាការៈអមផ្សេងៗ៖ គ្រុនក្ដៅខ្លាំង រឹងក ក្អួតចង្អោរ ឬវង្វេងវង្វាន់។
៣. ផលវិបាកនៃការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា
មនុស្សភាគច្រើនកាលណាឈឺក្បាល តែងតែទិញថ្នាំបំបាត់ការឈឺចាប់មកលេបដោយខ្លួនឯង។ ការធ្វើបែបនេះរ៉ាំរ៉ៃ មិនត្រឹមតែមិនអាចព្យាបាលឫសគល់នៃជំងឺបានទេ តែវាអាចបណ្ដាលឱ្យ៖
–ខូចតម្រងនោម និងថ្លើម។
–កើតមានសភាព “Rebound Headache”: គឺការឈឺក្បាលដោយសារតែការស៊ាំនឹងថ្នាំបំបាត់ការឈឺចាប់ជ្រុល។