យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំតែបៃតងមិនត្រឹមតែជាទម្លាប់នោះទេ ប៉ុន្តែវាគឺជាវិធីថែទាំសុខភាពបែបធម្មជាតិដ៏វិសេស។ តែស្រស់សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិកាហ្វេអ៊ីន និងវីតាមីន C ដែលជួយឱ្យខួរក្បាលស្វាហាប់ បង្កើនការចងចាំ ការពារបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត និងផ្លូវរំលាយអាហារ។
លើសពីនេះ តែបៃតងគឺជាជំនួយការដ៏ពូកែក្នុងការដុតរំលាយជាតិខ្លាញ់ និងសម្រកទម្ងន់។ ទោះជាយ៉ាងណា ដើម្បីឱ្យការញ៉ាំតែផ្ដល់ផលចំណេញដល់រាងកាយបំផុត អ្នកគួរយល់ដឹងពីចំណុចហាមឃាត់មួយចំនួន៖
ជាដំបូង កុំញ៉ាំតែដែលខាប់ពេក ព្រោះជាតិកាហ្វេអ៊ីនខ្ពស់អាចធ្វើឱ្យបេះដូងលោតញាប់ ថប់ដង្ហើម និងរារាំងការស្រូបយកជាតិដែកដែលបង្កឱ្យស្លេកស្លាំង។ កុំញ៉ាំតែពេលពោះទទេ ឬទើបតែញ៉ាំបាយឆ្អែតភ្លាមៗ ព្រោះវាធ្វើឱ្យរំខានដល់ប្រព័ន្ធរំលាយអាហារ និងការស្រូបយកប្រូតេអ៊ីនពីអាហារ។ ចំណុចសំខាន់មួយទៀតគឺ ជៀសវាងការញ៉ាំតែនៅពេលយប់ ដែលនាំឱ្យគេងមិនលក់ និង ដាច់ខាតកុំប្រើទឹកតែដើម្បីលេបថ្នាំ ព្រោះវាធ្វើឱ្យថ្នាំចុះខ្សោយប្រសិទ្ធភាព។
ដើម្បីបង្កើនតុល្យភាព និងជំនួយដល់ក្រពះ អ្នកអាចបន្ថែមខ្ញីពីរបីចំណិតទៅក្នុងទឹកតែ។ ការញ៉ាំក្នុងបរិមាណសមល្មមពី ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃ នឹងជួយឱ្យអ្នកមានសុខភាពល្អ និងអាយុយឺនយូរ៕