យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនយល់ច្រឡំថា ការប្រើចានក្រដាស ឬកែវក្រដាសសម្រាប់ខ្ចប់អាហារក្ដៅៗ គឺជាជម្រើសដ៏ល្អសម្រាប់សុខភាព និងបរិស្ថាន ប៉ុន្តែការពិតវាអាចផ្ដល់ផលវិបាកលើសពីការស្មាន។
អ្នកជំនាញផ្នែកជាតិពុលបានព្រមានថា ដើម្បីការពារកុំឱ្យក្រដាសជ្រាបទឹក ឬខ្លាញ់ គេត្រូវស្រោបស្រទាប់ប្លាស្ទិកស្ដើងនៅផ្នែកខាងក្នុង ដែលអាចធន់នឹងកម្ដៅបានត្រឹម ៧០-៩០°C ប៉ុណ្ណោះ។ នៅពេលយើងដាក់អាហារក្ដៅខ្លាំងដូចជា ស៊ុប ឬមី ដែលមានសីតុណ្ហភាពលើសពី ១០០°C ស្រទាប់ប្លាស្ទិកនេះនឹងរលាយ បញ្ចេញ «ភាគល្អិតប្លាស្ទិក» ចូលទៅក្នុងអាហារក្នុងបរិមាណច្រើនជាងថង់ប្លាស្ទិកធម្មតាទៅទៀត។
កំហុសដ៏ធ្ងន់ធ្ងរមួយទៀតដែលមនុស្សភាគច្រើនតែងធ្វើគឺ «ការដាក់ចានក្រដាសក្នុងម៉ាស៊ីនកម្ដៅ»។ កម្ដៅដែលកើនឡើងភ្លាមៗក្នុងម៉ាស៊ីននឹងធ្វើឱ្យស្រទាប់ប្លាស្ទិកក្នុងចានក្រដាសបំបែកខ្លួនកាន់តែខ្លាំង រួមទាំងបញ្ចេញសារធាតុគីមីផ្សេងៗចូលក្នុងអាហារដែលអ្នកញ៉ាំ។ ដើម្បីការពារសុខភាព អ្នកជំនាញណែនាំឱ្យអនុវត្តតិចនិក ៣ យ៉ាង៖ ទី១ គួរដួសអាហារចេញពីប្រអប់ក្រដាសដាក់ក្នុងចានកែវ ឬចានសេរ៉ាមិចភ្លាមៗពេលមកដល់ផ្ទះ ទី២ ហាមដាច់ខាតការកម្ដៅអាហារក្នុងប្រអប់ក្រដាសផ្ទាល់ជាមួយម៉ាស៊ីនកម្ដៅ និងទី៣ បើអាចធ្វើបាន គួរទម្លាប់យកប្រអប់ផ្ទាល់ខ្លួនដែលធ្វើពីដែកអ៊ីណុក ឬកែវទៅខ្ចប់អាហារ ដើម្បីធានាសុវត្ថិភាពពីជាតិគីមី និងភាគល្អិតប្លាស្ទិកដែលមើលមិនឃើញ៕