យោងតាមការចុះផ្សាយពីប្រភពបរទេស របាយការណ៍ថ្មីបំផុតពីស្ថាប័ន EWG បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរកឃើញថា ៦៣% នៃសំណាកបន្លែផ្លែឈើមានផ្ទុកសារធាតុដែលពិបាកបញ្ចេញចោលពីក្នុងរាងកាយ និងបង្កហានិភ័យខ្ពស់នៃជំងឺមហារីកតម្រងនោម ជំងឺក្រពេញទីរ៉ូអ៊ីត និងបញ្ហាអសមត្ថភាពបង្កកំណើត។ ក្នុងឆ្នាំ ២០២៦ នេះ បន្លែស្លឹកបៃតង និងប្រភេទផ្លែឈើមានសំបកស្តើង ត្រូវបានរកឃើញថាមានកម្រិតគីមីខ្ពស់ជាងគេបំផុត។
បើតាមបញ្ជីខ្មៅ «បន្លែផ្លែឈើដែលកខ្វក់បំផុត» រួមមាន៖ ស្ពៃពួយឡេង, ស្ពៃខៀវ, ស្ត្របឺរី, ទំពាំងបាយជូរ និងផ្លែប៉ោម។ ដោយឡែក អាហារដែលសុវត្ថិភាពបំផុត និងមានកម្រិតគីមីទាបបំផុត រួមមាន ម្នាស់, ពោត, ផ្លែបឺរ, ល្ហុង និងខ្ទឹមបារាំង។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញអាហារូបត្ថម្ភបានណែនាំនូវជំហានសាមញ្ញៗ ៤ យ៉ាងដើម្បីជម្រះជាតិពុល៖ ១. ត្រាំ ក្នុងទឹកស្អាត ៣-៥ នាទី ២. លាង តាមបំពង់ទឹកបង្ហូរឱ្យសព្វ (ជាពិសេសតាមចន្លោះស្លឹក) ៣. កាត់ឬចិតសំបក (ត្រូវលាងឱ្យស្អាតសិនចាំកាត់ ដើម្បីការពារកុំឱ្យជាតិពុលជ្រាបចូលតាមមុខកាំបិត) និង ៤. បើកគម្របឆ្នាំងពេលចម្អិន ដើម្បីឱ្យជាតិគីមីដែលនៅសេសសល់ហើរចេញតាមចំហាយទឹក។
ការអនុវត្តតាមវិធីសាស្ត្រ «លាងមុនកាត់» គឺជាខែលការពារសុខភាពដ៏រឹងមាំសម្រាប់គ្រួសាររបស់អ្នក៕